ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

វ៉ាន់ វឿន ថា ស្ទេីរតែសន្លប់ ក្នុងទឹកទី ១ ដោយសារចូលកណ្ដាប់ដៃធ្ងន់ៗរបស់ លៀប រដ្ឋា

០១ មិថុនា ២០២០ | កីឡា

ក្រោយយកឈ្នះ លៀប រដ្ឋា ដោយពិន្ទុ ក្លាយជាម្ចាស់ខ្សែក្រវាត់ប្រាក់ចុងក្រោយ ក្នុងកម្មវិធី «អធិរាជគុនខ្មែរ ISI PALM-ISI PIPE» នៅ ភីអិនអិន នាថ្ងៃអាទិត្យ ទី ៣១ ខែឧសភា  វ៉ាន់ វឿន ទទួលស្គាល់ និងសរសើរសមត្ថភាពគូប្រកួតរូបនេះថា ទាំងទម្ងន់ដៃ និងបច្ចេកទេសប្រយុទ្ធ ហាក់កើនឡើងល្អជាងមុន ដែលធ្វើឲ្យខ្លួនដណ្ដើមយកជ័យជម្នះបានទាំងប្រផុតប្រផើយ។

 


ប្រាប់ ភីអិនអិន ក្រោយចប់ការប្រកួត វ៉ាន់ វឿន រៀបរាប់បែបនេះថា៖ «លទ្ធផលនេះ ល្អលើសពីការរំពឹងទុករបស់ខ្ញុំ។ ខ្ញុំសង្ឃឹមជាមួយគាត់ត្រឹម ៥០ ទៅ ៧០ភាគរយទេ ព្រោះកីឡាករគាត់ចិត្តធំ និងអាវុធធ្ងន់ៗ។ ខ្ញុំចូលដៃគាត់ច្រើនដែរ ធ្វើឲ្យធ្លាក់កម្លាំងខ្ញុំច្រើន តែខ្ញុំព្យាយាមទាត់កាត់ច្រើន ព្រោះថាបើខ្ញុំហ៊ានប្ដូរកែងជាមួយគាត់ ខ្ញុំនឹងពិបាក។  ប្រកួតនេះ ខុសគ្នាឆ្ងាយពីប្រកួតមុន។ ខ្ញុំគិតថា គាត់វាយឆ្លាតជាងមុន ព្រោះពីមុនគាត់ដើរចូលវាយរហូត តែពេលនេះ គាត់ហាក់ដឹងពីបច្ចេកទេសរបស់ខ្ញុំ។ គាត់អត់សូវប្រើដៃទេ ចាំត្រងខ្ញុំយកមួយៗច្បាស់ៗ។ ខ្ញុំកត់សម្គាល់ថា គាត់វាយលើកនេះ អត់សូវហ៊ានប្ដូរទេ គាត់ប្រើតិចនិច។ មែនទែនទៅ ពេលដឹងថាប៉ះគាត់ ខ្ញុំមានភាគរយតិចបំផុត ព្រោះអាវុធខ្ញុំស្រាលជាងគាត់។ សង្កេតមើលនៅទឹកទី ១ អាចដឹងហើយ ខ្ញុំចូលដៃគាត់ស្ទើរតែសន្លប់»។

 
ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ២សម័យរូបនេះបន្ថែមថា នឹងបន្តខិតខំពង្រឹងសមត្ថភាព និងកែប្រែចំណុចខ្វះខាតរបស់ខ្លួន ដើម្បីត្រៀម លក្ខណៈ ឲ្យបានល្អ តតាំងនឹង អេ ណារ័ត្ន នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស នៅថ្ងៃទី ២១ ខែមិថុនាខាងមុខ។

 


សូមបញ្ជាក់ថា កម្មវិធី «អធិរាជគុនខ្មែរ ISI PALM-ISI PIPE» នៅ ភីអិនអិន បានរកឃើញម្ចាស់ខ្សែប្រាក់ទម្ងន់ ៥៧គីឡូក្រាម ទាំង ៤រូបហើយ រួមមាន អេលីត ចំរើន អេ ណារ័ត្ន ប៊ុន សុធា និង វ៉ាន់ វឿន ដើម្បីប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស។ ក្នុងនោះ លទ្ធផលចាប់ឆ្នោតបង្ហាញថា អេលីត ចំរើន ត្រូវប្រឈមនឹង ប៊ុន សុធា នាថ្ងៃទី ១៤ មិថុនា  ខណៈ វ៉ាន់ វឿន តតាំងនឹង អេ ណារ័ត្ន  នៅសបា្តហ៍ បន្ទាប់៕
 
អត្ថបទ និង រូបភាព ៖ នូ ពៅ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024