ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីមហាផ្ទៃ ប្រកាសតែងតាំងអភិបាលខេត្តពោធិ៍សាត់ ដែលប្ដូរមកពីខេត្តកំពត

១៥ តុលា ២០២១ | ព័ត៌មានជាតិ


នៅថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញប្រកាសចូលកាន់មុខតំណែងឯកឧត្តម ជាវ តាយ ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ម៉ៅ ធនិន ដែលបានផ្ទេរភារកិច្ច ជាអភិបាលនៃគណៈអភិបាលខេត្តកំពតវិញ។ 

 


ក្នុងចំណោមអភិបាលខេត្តចំនួន៧ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីទូលថ្វាយព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងផ្ទេរភារកិច្ចនោះ នៅថ្ងៃនេះ ឯកឧត្តម ជាវ តាយ គឺជាអភិបាលខេត្តចុងក្រោយ ដែលត្រូវបានសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែង។ 

 

 

ឯកឧត្តម ជាវ តាយ ដែលជាអតីតអភិបាលខេត្តកំពត ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលខេត្តពោធិ៍សាត់ជំនួសឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តពោធិ៍សាត់មកជាអភិបាលខេត្តកំពតជំនួសឯកឧត្តម ជាវ តាយ វិញ។ 

 

ក្នុងដើមសប្ដាហ៍នេះ សម្ដេចក្រឡាហោម ស ខេង បានធ្វើដំណើតាមឧទ្ធម្ភាចក្រផង តាមរថយន្តផង ដើម្បីធ្វើជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តរួមមាន ឯកឧត្តម សុខ លូ ជាអភិបាលខេត្តបាត់ដំបង, ឯកឧត្តម ងួន រតនៈ ជាអភិបាលខេត្តកំពង់ធំ, ឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាលខេត្តស្ទឹងត្រែង, ឯកឧត្តម ថង សាវុន ជាអភិបាលខេត្តមណ្ឌលគិរី, ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្តកំពត និងនៅថ្ងៃនេះគឺឯកឧត្តម ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់។ 


ពីវេទិការអធិបតីនៅសាលាខេត្តពោធិ៍សាត់សម្ដេចក្រឡាហោម  ស ខេង បានគូសបញ្ជាក់ពីភាពចាំបាច់តាមផ្លូវច្បាប់ ជីវភាពនយយោបាយ និងរដ្ឋបាល ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចទូលថ្វាយព្រះមហាក្សត្រផ្លាស់ប្ដូរមុខតំណែងអភិបាលខេត្តមួយចំនួននាពេលកន្លងមក និងបានផ្ដល់ការពន្យល់ថារដ្ឋបាលខេត្តនីមួយៗមិនអាស្រ័យលើខេត្តតូច ឬធំនោះទេ សំខាន់គឺបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ៕

 

 

អត្ថបទ៖ រ៉េន រតនៈ  រូបភាព៖ ផេកសម្ដេចក្រឡាហោម

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024