ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

រឹតបន្ដឹងច្បាប់ ២៨ថ្ងៃ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើសបានជាង ៤ម៉ឺនគ្រឿង

០១ មិថុនា ២០២០ | ព័ត៌មានជាតិ

បន្ទាប់ពីធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកយៈពេល២៨ថ្ងៃកន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៨ ខែឧសភា នគរបាលចរាចរណ៍បានផាកពិន័យយានយន្តល្មើសបានជិត៥ម៉ឺនគ្រឿង ក្នុងនោះម៉ូតូមានជិត៣ម៉ឺនគ្រឿង និងរថយន្តជាង១ម៉ឺនគ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា ក្នុងអំឡុងពេល២៨ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ។

 


គួរបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានចាប់ផ្តើមសកម្មភាពរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវនានា កាលពីថ្ងៃទី១ ខែឧសភា។ ជាមួយនឹងសកម្មភាព រឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានធ្វើអោយអត្រានៃគ្រោះថ្នាក់ចរាចរណ៍មានការធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។


ផ្អែកលើលទ្ធផលនេះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញអោយសមត្ថកិច្ចបន្តរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះដោយមិនត្រូវដកថយជាដាច់ខាត គឺសមត្ថកិច្ចត្រូវបន្តធ្វើ និងប្រកបដោយការយកចិត្តទុកដាក់ ក្នុងការគោរពសីលធម៌វិជ្ជាជីវៈ មានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីបានការគាំទ្រនិងការចូលរួមពីប្រជាពលរដ្ឋ៕


អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024