ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កម្មករថៃជាង ៨លាន ៤សែននាក់ អាចនឹងបាត់បង់ការងារ ដោយសារបញ្ហាកូវីដ និងគ្រោះរាំងស្ងួត

៣០ ឧសភា ២០២០ | សេដ្ឋកិច្ច

ការព្យាករណ៍ បានបង្ហាញទៀតថា វិស័យទេសចរណ៍ ដែលជាវិស័យឈានមុខគេរបស់ថៃ បានផ្តល់ការងារដល់កម្មករជិត ៤សែននាក់ ហើយក្នុងនោះ ការងារជាង ២លាន ៥សែនកន្លែង អាចនឹងត្រូវបាត់បង់។


ចំពោះ កម្មការនៅក្នុងវិស័យសេវាកម្ម ដែលរួមមានទាំង សាលារៀន ផ្សារទំនើប កីឡាដ្ឋាន និងហាងទំនិញជាដើម មានបុគ្គលិកសរុបជាង ១០លាននាក់ តែយ៉ាងណា នៅក្នុងចំណោមនោះ នឹងបុគ្គលិកជាង ៤លាន ៤សែននាក់ នឹងត្រូវបាត់បង់ការងារ។


ដោយឡែក សម្រាប់វិស័យឧស្សាហកម្ម ដែលផ្តល់ការងារជិត ៦លានកន្លែងវិញនោះ ក៏ប្រឈមនឹងការបាត់បង់ការងារជាង ១លាន ៥សែនកន្លែងដែរ។
លោក ធូសាផន សិរី សំាផាន់ អគ្គលេខាធិការនៃ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានគូសបញ្ជាក់បន្ថែម បញ្ហាគ្រោះរាំងស្ងួត ដែលអូសបន្លាយតាំងពី ពាក់កណ្តាលឆ្នាំមុន មកដល់ត្រីមាសទី ១ ឆ្នាំនេះ បានកាត់បន្ថយការងារជាច្រើន នៅក្នុងវិស័យកសិកម្ម ដោយក្នុងនោះ កសិករជិត ៤លាននាក់ ប្រឈមមុខនឹងគ្រោះរាំងស្ងួត ហើយកសិករជាង ២លាននាក់ទៀតនៅតំបន់ផ្សេង ពុំមានទឹកប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ប្រកបរបរកសិកម្ម។


ក្នុងឆ្នាំ ២០២០ អត្រាគ្មានការងារធ្វើ ត្រូវបានរំពឹងថា នឹងស្ថិតនៅចន្លោះ ៣ ទៅ ៤% ពេញមួយឆ្នាំ ដោយមានមនុស្សប្រមាណក្រោម ២លាននាក់ ដែលអត់ការងារធ្វើ ដោយរាជរដ្ឋាភិបាលថៃ បានប្រកាសពី វិធានការស្តារសេដ្ឋកិច្ចក្នុងស្រុកឡើងវិញ ដើម្បីបង្កើតការងារក្នុងតំបន់ និងផ្តល់កម្មវិធីបណ្តុះបណ្តាលបង្កើនសមត្ថភាពកម្មករ ថែមទាំងផ្តល់ជំនួយដល់ និស្សិតដែលទើបបញ្ចប់ការសិក្សាថែមទៀតផង។


គួរជម្រាបដែរថា នៅក្នុងត្រីមាសទី ១ ឆ្នាំនេះ អត្រាគ្មានការងារធ្វើ គឺស្ថិតនៅកម្រិតទាបត្រឹម ១% នៃកម្លាំងពលកម្មសរុប ឬស្មើនឹងចំនួនកម្មករជិត ៤សែននាក់ ដែលតួលេខកើនឡើងបន្តិចធៀបនឹង ពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដែលមានកម្លាំងពលកម្ម ៣សែន ៥ម៉ឺននាក់អត់ការងារធ្វើ៕


អត្ថបទ៖ ងួន សុភ័ត្រ្តា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024