ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ធនាគារ និង មីក្រូហិរញ្ញវត្ថុ ប្រាប់ពលរដ្ឋកុំឲ្យបារម្ភការចាយប្រាក់ដុល្លារប្រភេទតូចៗ នៅលើទីផ្សារ

៣០ ឧសភា ២០២០ | សេដ្ឋកិច្ច


លោកឧកញ៉ា ហ៊ួត អៀងតុង ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករបានមានប្រសាសន៍បញ្ជាក់ថា ធនាគារក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺនៅតែទទួលយកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារពីអតិថិជនដដែលទេ សូមប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងនៅតែបន្តចាយក្រដាសប្រាក់ដុល្លារតូចៗនេះ នៅតាមទីផ្សារដូចសព្វដងចុះ ព្រោះវិធានការរបស់ធនាគារជាតិ  មិនមែនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះ លើទីផ្សារនោះដែរ។


លោកឧកញ៉ាបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ នៅតែចាយបានដូចធម្មតានៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែអ្វីដែលគ្រឹះស្ថានធនាគារ ក៏ដូចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវធ្វើនោះ គឺត្រូវចំណាយថវិកាខ្លះក្នុងការបង់ថ្លៃសេវាទៅធនាគារជាតិ ដូចដែលបានដឹងហើយថា ត្រូវបង់ប្រាក់ ៣,៥ភាគរយ សម្រាប់ថ្លៃដឹកជញ្ជូនក្រដាសប្រាក់ដុល្លារតូចៗនេះ ទៅអាមេរិកវិញតែប៉ុណ្ណោះ ក្រោយពីការសម្រេចទុកពេល ៣ខែបន្ទាប់ពីខែកញ្ញាទៅ។

 


វិធានការរបស់ធនាគារជាតិលើប្រាក់ដុល្លារតូចៗនេះ គឺធ្វើឡើងបន្ទាប់ពីមានការកិច្ចប្រជុំពិភាក្សាគ្នាជាមួយនឹង តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដែលនេះត្រូវបានធនាគារជាតិ បញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបក្នុងទីផ្សារ។

 

 


បើតាមធនាគារជាតិ ក្នុងរយៈពេល ៦ខែ ចុងក្រោយមកនេះ ប្រាក់រៀល ក៏ដូចជារូបិយបណ្ណក្នុងតំបន់ បានធ្លាក់ចុះថ្លៃ គួរឲ្យកត់សម្គាល់ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ចំពោះប្រទេសក្នុងតំបន់ តម្លៃ រូបិយបណ្ណរបស់គេធ្លាក់ថ្លៃ គឺជាចម្បងដោយសារតែការធ្លាក់ចុះនៃការនាំចេញ និងលំហូរចេញនៃមូលធន។ ចំណែកឯកម្ពុជាវិញ ការធ្លាក់ចុះថ្លៃប្រាក់រៀល គឺដោយសារតែតម្រូវការ ប្រាក់រៀលធ្លាក់ចុះ ដែលជាកត្តាចម្បងបណ្ដាលមកពី ការថមថយនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការធ្លាក់ចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធ។ល។

 

 


បើតាមធនាគារជាតិ ការធ្លាក់ថ្លៃប្រាក់រៀល ធៀបនឹងដុល្លារអាមេរិកនេះ មានឥទ្ធិពលអវិជ្ជមានទៅលើប្រជាកសិករ ដែលមានចំណូលជាប្រាក់រៀល។ ដូច្នេះ ដើម្បីជំរុញតម្រូវការប្រើប្រាស់ប្រាក់រៀលនៅក្នុងចរន្ដសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រតិបត្តិការដែលមានទំហំតូច ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗគួរតែត្រូវជំនួសដោយប្រើប្រាស់ប្រាក់វៀលវិញ។

 


លោកឧកញ៉ា ហ៊ួត អៀងតុងបញ្ជាក់ទៀតថា ការសម្រេចរបស់ធនាគារជាតិនេះ គឺជាយន្តការមួយដែលអាចជួយបានច្រើនក្នុងដំណើរការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន ជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានស្ថិរភាពល្អ និងអត្រាប្តូរប្រាក់ក៏មានស្ថិរភាពល្អដែរ ប្រសិនបើកម្ពុជាបានប្រើប្រាស់ប្រាក់រៀលទូលំទូលាយ។
លោកឧកញ៉ាបន្តថា យ៉ាងណាការសម្រេចរបស់ធនាគារជាតិនេះ មានរយៈពេលខ្លីបន្តិចសម្រាប់ការជូនដំណឹងទៅអតិថិជនក្នុងការផ្លាស់ប្តូររបៀបនៃការប្រើប្រាស់ប្រាក់ដុល្លារតូចៗនេះ។ ហើយក្នុងពេលនេះដែរ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករក៏គ្មានអ្វីជាឧបសគ្គនោះដែរ ខណៈប្រាក់ដុល្លារតូចៗដែលបានរក្សាទុកក្នុងទូចំនួនត្រឹម ៨ម៉ឺនដុល្លារ ក្នុងចំណោមប្រាក់បង្គរក្នុងទូសរុបជាង ១លានដុល្លា។

 


ជាការអះអាងរបស់ធនាគារជាតិ ធនាគារជាតិនឹងនៅតែបន្ដពិភាក្សាជាមួយនឹងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងស្រុង ពីគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុផងដែរ។


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024