ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១

ព្រះសង្ឃថៃចេញដឹកស្បៀងអាហារចែកចាយដល់អ្នកខ្សត់អំឡុងពេលជំងឺឆ្លងកូវីដ១៩

២៤ កញ្ញា ២០២១ | ព័ត៌មានអន្តរជាតិ

ព្រះសង្ឃថៃ រួមនិងអ្នកស្ម័គ្រចិត្តមួយក្រុមចេញដឹកស្បៀងអាហារមានបន្លែស្រស់ៗតាមរថយន្តសណ្តោង រម៉កតាមរទេះ ឆ្ពោះទៅកាន់ភូមិមួយនៅជាយទីក្រុង បាងកក ដើម្បីចែកចាយដល់អ្នកទាំងឡាយណាដែលត្រូវការអំឡុងពេលជំងឺឆ្លងកូវីដ១៩។

 

 

 

 

«ម្ហូបអាហារនៅទីនេះ, ម្ហូបអាហារនៅទីនេះ»! ជាសម្លេងស្រែកប្រកាសរបស់សង្ឃមួយអង្គតាមមេក្រូ។ បេសកកម្មរបស់ក្រុមព្រះសង្ឃ និងអ្នកស្ម័គ្រចិត្ត ធ្វើឡើងដើម្បីឧបត្ថម្ភស្បៀងអាហារ និងសំភារៈចាំបាច់ផ្សេងទៀត ទៅកាន់ពលរដ្ឋដែលត្រូវការជាចាំបាច់ដែលជីវិតរស់នៅរបស់ពួកគេរងគ្រោះធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ១៩។

 

ព្រះសង្ឃ Pornchai Kabmalee អាយុ២៨ឆ្នាំ បាននឹកឃើញគំនិតនេះកាលពី២ទៅ៣ខែមុន លោកយល់ថា ជំងឺកូវីដ១៩បានធ្វើអោយមនុស្សជាច្រើនគ្មានការងារធ្វើ និងមិនអាចផ្គត់ផ្គង់ចិញ្ចឹមគ្រួសាររបស់ពួកគេ។ សង្ឃអង្គនេះលើកឡើងថា«ខ្ញុំអាចនិយាយថា រថយន្តសណ្តោងរម៉ករបស់យើងមានទំនិញគ្រប់យ៉ាងដែលផ្សារទំនើបមាន។ ខ្ញុំខ្លាចជំងឺកូវីដ១៩ដូចមនុស្សដទៃទៀតដែរ ប៉ុន្តែខ្ញុំកាន់តែខ្លាចដែលមិនអាចជួយអ្នកដទៃទៀតបាន»។

 

នៅពេលទៅដល់ទីតាំង គ្រប់គ្នាអាចរើសទំនិញបាន៥មុខ ដូចជា ប៉េងប៉ោះ ល្ពៅ ខ្ទឹម និងម្ទេស រួមជាមួយទំនិញផ្សេងមាន សាប៊ូ អង្ករ និងស៊ុត។

 

 

 

 

«ស្បៀងអាហារបានជួយសម្រួលអោយបាត់ឃ្លានបាន១ថ្ងៃ២ថ្ងៃដែរ »។ នេះជាការរៀបរាប់របស់លោក Montri Boontheab ជាអតីតអ្នកបើកបររថយន្តទេសចរណ៍ម្នាក់។ «ខ្ញុំគ្មានការងារធ្វើ១ឆ្នាំមកហើយ ហើយខ្ញុំមើលមិនឃើញពីអនាគតទេ»។

 

តម្លៃចំណាយរៀងរាល់សប្តាហ៍ អស់៥០,០០០បាត (ឬស្មើនិង១,៤៩៨ដុល្លារអាមេរិក) ដែលជាប្រាក់របស់ព្រះសង្ឃផ្ទាល់ ប៉ុន្តែឥឡូវនេះ ដោយសារមានការនិយាយតគ្នាពីមាត់១ទៅមាត់១ ក៏មានមនុស្សជាច្រើនបានផ្ញើរបា្រក់មកចូលរួមឧបត្ថម្ភផងដែរ។

 

គំនិតផ្តួចផ្តើមរបស់ព្រះសង្ឃ បានធ្វើឡើងនៅពេលប្រទេសថៃ បន្ធូរបន្ថយការរឹតត្បិត និងកែសម្រួលវិធានការដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែប្រទេសថៃ នៅតែកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ ចាប់តាំងពីផ្ទុះកូវីដ១៩មកដល់ពេលឥឡូវ ប្រទេសថៃ មានអ្នកជំងឺកូវីដ១៩ច្រើនជាំង១លាន៤សែននាក់ និងស្លាប់ច្រើនជាង១៥,០០០នាក់ដែលភាគច្រើនជាករណីកើតឡើងចាប់ពីខែមេសាឆ្នាំនេះ។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.