ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ចិន អាចនឹងសម្រេចនូវកំណើនសេដ្ឋកិច្ច ៨,៥% ក្នុងឆ្នាំ ២០២១នេះ

២៣ កញ្ញា ២០២១ | សេដ្ឋកិច្ច

 

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD បានទម្លាក់ការព្យាករណ៍របស់សកលលោក នៅក្នុងឆ្នាំ ២០២១នេះ ដោយសារតែវិបត្តិមេរោគកូវីដ១៩ ផ្ទុះឡើងសារជាថ្មី តែយ៉ាងណាសម្រាប់ប្រទសចិន គឺនៅអាចសម្រេចកំណើនបាន ៨,៥ ក្នុងឆ្នាំ ២០២១នេះ និងប្រមាណ ៥,៨% ក្នុងឆ្នាំ ២០២២ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។


អង្គការ OECD បានគូសបញ្ជាក់ទៀតថា GDP របស់សកលលោក អាចនឹងមានកំណើន ៥,៧% ក្នុងឆ្នាំ ២០២១នេះ ហើយសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិក G20 អាចនឹងលូតលាស់ ៦%។


តាមការព្យាករណ៍របស់ OECD បានពន្យល់ឲ្យដឹងថា ការក្រោកឡើងវិញដោយមិនស្មើគ្នា នៃសេដ្ឋកិច្ចសកលនេះ គឺបង្ហាញពី ភាពរឹងម៉ាំ និងភាពទន់ខ្សោយរបស់ប្រទេសនីមួយៗ ហើយនឹងគោលនយោបាយដែលពួកគេបានដាក់ចេញភ្លាមៗ អំឡុងពេលនៃវិបត្តិមេរោគកូវីដ១៩ ជាពិសេសគឺ ភាពខុសគ្នានៃអត្រាចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩។


សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចសកលឆ្នាំ ២០២២ អង្គការ OECD ក៏បានព្យាករណ៍ថាអាចនឹងសម្រេចកំណើន ៤,៥% ដោយ OECD ស្នើដល់បណ្តាប្រទេសអ្នកមាន ចែករំលែកនូវ វ៉ាក់សាំង សម្រាប់បណ្តាប្រទេសក្រីក្រ ដើម្បីអត្ថប្រយោជន៍ជារួម។

 


បើតាមការព្យាករណ៍របស់រដ្ឋាភិបាលចិន គឺថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅក្នុងឆ្នាំ ២០២១នេះ អាចនឹងសម្រេចបានជាមធ្យម ៨% ស្រដៀងទៅនឹងការព្យាករណ៍របស់ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលកំណត់ថា ប្រទេសចិន អាចនឹងសម្រេចកំណើន ៨,១% ក្នុងឆ្នាំនេះ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024