ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ADB ទម្លាក់ការព្យាករសេដ្ឋកិច្ចវៀតណាម មកនៅត្រឹម ៣,៨% ក្នុងឆ្នាំ ២០២១នេះ

២៣ កញ្ញា ២០២១ | សេដ្ឋកិច្ច



ធនាគារអភិវឌ្ឍន៍អាស៊ី បានទម្លាក់ការព្យាករណ៍អំពី កំណើនសេដ្ឋកិច្ចប្រទេសវៀតណាម ជាមួយអត្រាកំណើនត្រឹមតែ ៣,៨% ក្នុងឆ្នាំ ២០២១នេះ ទាបជាការព្យាករណ៍កាលពីខែកក្កដា ដែលមើលឃើញកំណើនដល់ទៅ ៥,៨%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។


នាយកប្រចាំប្រទេសវៀតណាមរបស់ ADB បានមានប្រសាសន៍ថា វិបត្តិមេរោគរាតត្បាតអូសបន្លាយកាន់តែយូរ ធ្វើឲ្យការបិទខ្ទប់ទីក្រុង ត្រូវបានពន្យារពេលដូចគ្នា ដែលប៉ះពាល់ដល់ តម្រូវការប្រើប្រាស់ក្នុងស្រុក និងការវិនិយោគ ទាញទម្លាក់កំណើនសេដ្ឋកិច្ចជាតិ។


ការបិទខ្ទប់ដ៏តឹងរ៉ឺងនៅក្នុងតំបន់ប៉ែកខាងត្បូងប្រទេសវៀតណាម និងតំបន់ឧស្សាហកម្មសំខាន់ៗ ដែលមានចំណែកដល់ទៅ ពាក់កណ្តាលនៃ GDP របស់វៀតណាម បានទាញទម្លាក់សន្ទស្សន៍ផលិតកម្មឧស្សាហកម្មប្រមាណ ៧% ក្នុងខែសីហា កន្លងទៅនេះ។


នៅក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២១នេះ ជាង ៨ម៉ឺនសហគ្រាស បានផ្អាកដំណើរការអាជីវកម្ម ដែលតួលេខនេះ មានការកើនឡើង ២៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។


ប្រជាពលរដ្ឋវៀតណាមជាង ១២លាននាក់ បានបាត់បង់ការងារ និងខ្លះទៀត ត្រូវបានកាត់បន្ថយប្រាក់ចំណូល។របាយការណ៍របស់ ADB បានគូសបញ្ជាក់ទៀតថា ទស្សនវិស័យរយៈពេលខ្លី នៅតែមានបញ្ហាប្រឈម ហើយហានិភ័យសំខាន់គឺ ការអូសបន្លាយនៃវិបត្តិជម្ងឺកូវីដ១៩ ជាពិសេសអត្រាចាក់វ៉ាក់សាំង នៅតែមិនកើនឡើងគួរឲ្យកត់សម្គាល់។

 


យ៉ាងណាក៏ដោយ សេដ្ឋកិច្ចវៀតណាម អាចនឹងហក់ឡើងវិញបាន បើសិនជា បញ្ហាមេរោគកូវីដ១៩ ត្រូវបានគ្រប់គ្រងបានត្រឹមដំណាច់ឆ្នាំ ២០២១នេះ ហើយ ៧០% នៃប្រជាពលរដ្ឋ ទទួលបានវ៉ាក់សាំង ត្រឹមឆមាសទី ១ ឆ្នាំ ២០២២៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024