ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

៨ឆ្នាំក្នុងវិស័យភាពយន្ត ខាត់ វ៉ៃហាំង ទទួលកិត្តិយសជាទូតសុច្ឆន្ទៈមហោស្រពភាពយន្តកម្ពុជា- អាស៊ានប្រចាំឆ្នាំ២០២១

២៣ កញ្ញា ២០២១ | កម្សាន្ដ


ជាដំណឹងក៏រីករាយមួយ ដែលថ្មីៗនេះ តារាសម្តែងជួរមុខលោក ខាត់ វ៉ៃហាំង ត្រូវបានគណៈកម្មាធិការរៀបចំ មហោស្រពភាពយន្ត កម្ពុជា អាស៊ាន សម្រេចផ្តល់កិត្តិយសជាទូតសុច្ឆន្ទៈ នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ាន ប្រចាំឆ្នាំ 2021។ 


តារាសម្តែងជួរមុខលោក ខាត់ វ៉ៃហាំង ថ្មីៗនេះទើបទទួលដំណឹងដ៏រីករាយមួយគឺលោកត្រូវបានគណៈកម្មាធិការរៀបចំ មហោស្រពភាពយន្ត កម្ពុជាអាស៊ាន(Organizing Committee of Cambodia Asian Film Festival) សម្រេចផ្តល់កិត្តិយសជា ទូតសុច្ឆន្ទៈ (Ambassador) នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ាន (Cambodia Asian Film Festival) ប្រចាំឆ្នាំ 2021 ។

 

នេះគឺជាលើកទី១សម្រាប់លោកក្នុងនាមជាសិល្បករខ្មែរមួយរូប ដែលទទួលបានតំណែង ទូតសុច្ឆន្ទៈ នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ាន នេះ។ វ៉ៃហាំង ឲ្យដឹងពីចំណាប់អារម្មណ៍ក្រោយត្រូវជ្រើសទូតសុច្ឆន្ទៈ នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ានប្រចាំឆ្នាំ២០២១ ថា៖ «កន្លងមករយៈពេល7ឆ្នាំ ឈានចូលឆ្នាំទី8 ក្នុងនាមសិល្បករ ឬតារាសម្តែងមួយរូប។

 

 

ខ្ញុំបាទពុំបានរំពឹងថាខ្លួនសម្តែងដើម្បីពានរង្វាន់ ឬគួរត្រូវក្លាយខ្លួនជាអ្វីនោះដែរ ត្រឹមតែតាំងចិត្តខិតតខំឱ្យអស់សមត្ថភាពក្នុងការសម្តែងតាម អត្ថបទសេណារីយ៉ូ Scénario ឬ Scenario ដែលបានតាក់តែងតាមរយៈអ្នកនិពន្ធ ក៏ដូចជាអ្នកដឹកនាំសម្តែង គោរពពេលវេលា គោរពក្រមសីលធម៌ក្នុងនាមតារាសម្តែង ជាពិសេសគឺការគោរព និងផ្តល់តម្លៃដល់សិល្បករ សិល្បការិនីរៀមច្បងគ្រប់ៗរូប និង ប្អូនៗសិល្បករ សិល្បការិនីជំនាន់ក្រោយ ក៏ដូចជាបុគ្គលិកក្រុមការងារទាំងអស់ ។

 

 

ដោយអង្កេត និងដកបទពិសោធន៍នៅពេលបានសម្តែងរួមជាមួយពួកគាត់ ដ្បិតម្នាក់ៗសុទ្ធតែមានចំណុចល្អ ដែលយើងគួរចាប់យកមកផ្សែផ្សំសម្រាប់ការសម្តែងរបស់យើងនាពេលបន្តបន្ទាប់។ ដោយឡែក សម្រាប់ខាង គណៈកម្មាធិការរៀបចំ មហោស្រពភាពយន្ត កម្ពុជា អាស៊ាន បានផ្តល់នូវមូលហេតុដែលជ្រើសរើសរូបខ្ញុំបាទ ដូចបានចែងក្នុងសេចក្តីប្រកាសផ្លូវការរបស់គណៈកម្មាធិការនោះផ្ទាល់បាទ។»

 


ទន្ទឹមនឹងភាពរីករាយ ទូតសុច្ឆន្ទៈមហោស្រពភាពយន្តកម្ពុជា-អាស៊ានប្រចាំឆ្នាំ 2021 រូបនេះ ក៏បង្ហាញការសោកស្តាយផងដែរ ដែលព្រឹត្តិការណ៍ដ៏ធំនេះមិនអាចរៀបចំឡើងតាមការគ្រោង ព្រោះស្ថានភាពជំងឺកូវីដ១៩លើសកលលោក រួមទាំងកម្ពុជា។

 


វ៉ៃហាំងលើកឡើងថា៖ «ស្របតាមសំណើពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សុំស្នើដល់ គណៈកម្មាធិការរៀបចំ មហោស្រពភាពយន្ត កម្ពុជា អាស៊ាន ឱ្យផ្លាស់ប្តូរប្រារព្ធរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះតាមរយៈប្រព័ន្ធអនឡាញវិញ ដោយសារពិភពលោកទាំងមូលកំពុងតែឆ្លងកាត់នូវដំណាក់កាលនៃជំងឺរាតត្បាតដ៏កាចសាហាវនោះ គឺពិតជាគួរឱ្យសោកស្តាយដែល ព្រឹត្តិការណ៍នៃ មហោស្រពភាពយន្តកម្ពុជា អាស៊ាន ប្រចាំ 2021 ពុំអាចប្រារព្ធរៀបចំក្នុងព្រះរាជាណាចក្រកម្ពុជា ដ្បិតក្នុងនាមសិល្បករមួយរូប ពិតជាចង់ចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យនេះណាស់។»

 


តាមរយៈ គណៈកម្មាធិការរៀបចំ មហោស្រពភាពយន្ត កម្ពុជា អាស៊ាននៅពុំបានបញ្ជាក់ពីកាលបរិច្ឆេទនៃការរៀបចំតាមអនឡាញ នឹងប្រព្រឹត្តទៅថ្ងៃណានោះទេនៅពេលនេះ។ ក្នុងនោះ សម្រាប់សិល្បករ សិល្បការិនី ដែលទទួលបាននូវភារៈ ឬតំណែងជា ទូតសុច្ឆន្ទៈគឺគិតចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយ ភាគីកម្ពុជា គឺលោក ខាត់ វ៉ៃហាំង ចំណែកភាគីខាង ចិនគឺ កញ្ញា JIANG MENGJIE។

 

 

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ទេដែលតារាសម្តែងជួរមុខលំដាប់ប្រទេស លោក ខាត់ វ៉ៃហាំង មានវត្តមានក្នុងព្រឹត្តិការណ៍មហាស្រពធំៗលំដាប់ប្រទេស។ ជាក់ស្តែងកាលពីឆ្នាំ២០១៩កន្លងទៅលោកក៏មានវត្តមានក្នុងនាមសិល្បករកម្ពុជាក្នុងមហោស្រពភាពយន្ត Silk Road International Film Festival 2019 ដូចគ្នាដែរ។
ខាត់ វ៉ៃហាំង ជាតារាសម្តែងម្នាក់ដ៏មានទេពកោសល្យ។ ជានិច្ចកាលលោកតែងត្រូវសិល្បករចាស់ក្មេងពោលសរសើរពីស្នាដៃសម្តែង និងអត្ថចរិករួសរាយរាក់ទាក់ មិនថាផលិតករ តារាសម្តែងរួមអាជីព ឬក្រុមការងារ។ 

 


មិនត្រឹមសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញសម្រាប់ទីផ្សារក្នុងស្រុក វ៉ៃហាំង ក៏ទាក់បានចិត្តផលិតករអន្តរជាតិឲ្យមើលឃើញពីសមត្ថភាពរបស់ខ្លួនផងដែរ ដោយថ្មីៗនេះលោកទើបបញ្ចប់ស្នាដៃភាពយន្តខ្នាតអន្តរជាតិមួយជាមួយផលិតករចិន ចំណងជើង «ឈោងចាប់ក្តីស្រម៉ៃ» ខណៈស្នាដៃភាពយន្តភាគខ្នាតធំដែល លោករួមសម្តែង បានកំពុងត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិនឆាប់ៗនេះ គឺរឿង «ស្នាមស្នេហ៍សមុទ្ររាម វគ្គ២»។ មិនតែប៉ុណ្ណោះ ពេលនេះលោកក៏កំពុងថតភាពយន្តភាគថ្មីមួយទៀតផងដែរ គឺរឿង «ស្នេហ៍ឥតព្រាង»។

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ផ្តល់ឲ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024