ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សិល្បករថៃ ​គូររូបគំនូរ​នៅតាមរបងថ្មសាធារណៈ ដើម្បីបញ្ជ្រាប​ការយល់ដឹងអំពីជំងឺ ខូវីដ១៩

៣០ ឧសភា ២០២០ | កម្សាន្ដ

សិល្បករជនជាតិថៃមួយរូប អាយុ៣៧ឆ្នាំ បាននិងកំពុងតែដើរគូស​វាសនៅតាមរបងថ្ម​នៃទីក្រុង បាងកក ដោយ​បង្កប់រូបភាពមានន័យ​គ្រប់គ្រាន់ សម្រាប់ពិពណ៌នា​អំពីគ្រោះថ្នាក់នៃជំងឺ ខូវីដ១៩ និងវិធីបង្ការ​ខ្លួនពីជំងឺនេះ។ ជន​ជាតិថៃរូបនេះ មិនបានប្រើប្រាស់​ឈ្មោះពិតរបស់គាត់ទេ​​។ ប៉ុន្តែគាត់ប្រើរហស្សនាមថា មូប៊ុន (Mue Bon)​។

 

 

 

គាត់ចង់​ក្រើនរំឭកមនុស្សទូទៅអំពី​សភាពការណ៍​ចុងក្រោយ​នៃជំងឺ ខូវីដ១៩ និង​កត់ត្រាទុកនៅក្នុង​ក្រាំងប្រវត្តិសាស្ត្រថា​ពួកយើងនាំគ្នាស្នាក់​នៅតែក្នុងផ្ទះ​ ក៏ចាត់ទុកថាជាការជួយគ្នា​ទៅវិញទៅមកនៅក្នុង​ការកាត់បន្ថយជំងឺ ខូវីដ១៩​។ ហើយគាត់​ច្រើនគូរជារូបរាង​សត្វស្លាបប្លែកៗ ដែល​គាត់ប្រៀបប្រដូចទៅ​នឹងអ្នកការពារមនុស្ស​ពីការយាយីរបស់ជំងឺ ខូវីដ១៩។ គាត់ចូលចិត្តបង្ហាញ​រូបគំនូរតាមចិញ្ចើមផ្លូវ ជាជាងយក​ទៅតាំងពិព័រណ៍នៅវិចិត្រសាល។ គាត់យល់​ថាធ្វើបែបនេះនឹង​ជួយឲ្យសាធារណជន​បានស្គាល់ និងទស្សនា​ស្នាដៃសិល្បៈរបស់​គាត់កាន់តែច្រើន​។

 

 

 

ជានិច្ចកាល បុរសរូបនេះ​ចូលចិត្តគូរគំនូរនៅ​ពេលយប់ស្ងាត់។ ភាគច្រើនគាត់​ប្រើប្រាស់បំពង់ស្ប្រ៉ាយ​បាញ់ជារូបភាពផ្សេងៗ និងត្រូវការពេល​២ម៉ោង អាចគូរបានរូបគំនូរ​មួយផ្ទាំង​។ ទោះបីជា​សិល្បកររូបនេះ​និយាយរបៀបដាក់​ខ្លួនថាគាត់មិន​សូវល្បីប៉ុន្មានក៏​ដោយ ប៉ុន្តែតាមការពិតស្នាដៃ​គំនូររបស់គាត់ត្រូវគេយក​ទៅបង្ហាញនៅប្រទេសជា​ច្រើនដូចជា​ ជប៉ុន សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងដែនដីប៉ាឡេស្ទីនជាដើម៕

 

ប្រែ​សម្រួល​៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024