ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ភាគហ៊ុនផលិតកម្មចម្រៀងធំបំផុតលើលោកហក់ឡើងខ្ពស់ កំឡុងពេលកូវីដ

២២ កញ្ញា ២០២១ | កម្សាន្ដ

 


តម្លៃភាគហ៊ុនផលិតកម្មចម្រៀងលំដាប់ពិភពលោក Universal Music Group បានហក់ឡើងខ្ពស់ ខណៈវិនិយោគិនជាច្រើនជឿជាក់ថាសេវាកម្មស្ដាប់ចម្រៀងពីផលិតកម្មនេះតាមអនឡាញមានអនាគតយូរអង្វែង។

 


តម្លៃលើទីផ្សាររបស់ផលិតកម្មចម្រៀង Universal Music Group បានហក់ឡើងដល់ប្រមាណ ៥៥ពាន់លានដុល្លារ កាលពីថ្ងៃទី២១ ខែកញ្ញា ជាថ្ងៃដែលផលិតកម្មយក្សនេះចុះឈ្មោះក្នុងទីផ្សារភាគហ៊ុនជាផ្លូវការ។

 

 

នៅថ្ងៃនោះ គេឃើញតម្លៃហ៊ុនរបស់ផលិតកម្ម Universal មានតម្លៃប្រមាណ ៣០ដុល្លារក្នុងមួយចំណែកហ៊ុន ដែលតម្លៃនេះគឺខ្ពស់ជាងតម្លៃព្យាករប្រមាណ ៣៩% ឯណោះ។

 

 

ប្រភពនៃប្រាក់ចំណូលរបស់ផលិតកម្ម Universal Music Group គឺទទួលបានមកពីកម្មសិទ្ធិបញ្ញាលើបទចម្រៀងយ៉ាងច្រើនមហាសាលរបស់តារាល្បីៗជាច្រើន មានដូចជា Billie Eilish (ប៊ីលី អាយលីស្ស), Adele (អាឌេល), Taylor Swift (ថេឡឺ ស្វីស) និង Ariana Grande (អារីអាណា ហ្គ្រន់ដេ) ជាដើម។

 

 

គួរបញ្ជាក់ដែរថា ប្រាក់ចំណូលរបស់ផលិតកម្ម Universal Music Group បានកើនឡើងរយៈពេល៦ឆ្នាំជាប់គ្នាមកហើយ ទោះបីជាមានការផ្ទុះឡើងនូវវិបត្តិកូវីដ១៩ក្ដី។ ផលិតកម្មបានព្យាករថានៅឆ្នាំ២០២១នេះប្រាក់ចំណូលរបស់ខ្លួននឹងមានកំណើនយ៉ាងតិច១០%៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024