ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ជយលាភី Face of Cambodia 2021 បង្ហាញឆន្ទៈ និងក្តីរំពឹងសម្រាប់ការប្រកួតលើឆាកអន្តរជាតិ នៅកូរ៉េខាងត្បូង

២១ កញ្ញា ២០២១ | កម្សាន្ដ


ម្ចាស់ជយលាភីពីកម្មវិធី Face of Cambodia ចំនួន២ រូប បង្ហាញឆន្ទៈ និងរំពឹងយកឈ្នះការប្រកួតលើឆាកអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង ក្រោយរៀនសូត្រពីបទពិសោធន៍បរាជ័យច្រើនដង។

 


ក្រោយទទួលបានតំណែងជយលាភីលេខ១ពីកម្មវិធី Face of Cambodia 2021 កញ្ញា លុន គីមហេង និងលោក សុខ ហ៊ុយ ថ្មីៗនេះ បានជម្រាបប្រាប់ពីការតាំងចិត្ត និងការត្រៀមខ្លួនពង្រឹងសមត្ថភាពលើចំណុចខ្សោយរបស់ខ្លួន ដើម្បីត្រៀមទៅប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងកម្មវិធី Face of Asia នៅកូរ៉េខាងត្បូង។

 


ដោយសារតែធ្លាប់ឆ្លងកាត់ការបរាជ័យច្រើនដងលើវេទិកាប្រកួតប្រជែងសម្រស់និងសមត្ថភាពក្នុងស្រុក ម្ចាស់ជយលាភីទាំងពីររូប បានយកបទពិសោធន៍ទាំងនេះមករៀនសូត្រ និងពង្រឹងបន្ថែម ដោយរំពឹងអាចយកឈ្នះ និងធ្វើឱ្យបានល្អបំផុតលើឆាកអន្តរជាតិនាពេលខាងមុខនេះ។
 


គួររំលឹកថា កម្មវិធី Face of Asia ជាកម្មវិធីប្រកួតប្រជែងលំដាប់ជួរមុខមួយនៅអាស៊ីដែលកំពុងរីកដុះដាលជារូបតំណាងដ៏សំខាន់សម្រាប់វិស័យវប្បធម៌ និងសិល្បៈ ល្បីល្បាញនៅអាស៊ី និងវេទិកាមាតិកាវប្បធម៌សកល។

 

 

ជាពិសេសគឺការបង្ហាញពីឧស្សាហកម្មម៉ូដ ម៉ូដែល និងសម្រស់នៃអាស៊ីដល់ពិភពលោក និងណែនាំពីសិល្បករអន្តរជាតិទៅកាន់អាស៊ីទៀតផង។Face of Asia ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅចុងខែធ្នូ ដោយមានការចូលរួមពីបណ្តាប្រទេសសរុបចំនួនជាង ២៤ ប្រទេស។

 

 

ខណៈដែលបេក្ខភាពតំណាងកម្ពុជា កញ្ញាលុន គីមហេង និងលោក សុខ ហ៊ុយ ក៏នឹងត្រៀមពាំនាំនូវឈុតតំណាងជាតិយ៉ាងស្រស់ស្អាត និងទេសកោសល្យពិសេសៗមួយចំនួន ដើម្បីបង្ហាញពីភាពលេចធ្លោនៃវប្បធម៌អច្ឆរិយៈរបស់ព្រះរាជាណាចក្រកម្ពុជាជាដើម។


 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឲ្យ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024