ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
គូស្នេហ៍ព្រះអង្គម្ចាស់ Harry, តារាចម្រៀង Billie Eilish (ប៊ីលលី អាយលីហ្ស) និងតារាចម្រៀងប៉ុប Britney Spears បានជាប់ឈ្មោះក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតលើលោកប្រចាំឆ្នាំ២០២១ ដែលរៀបចំឡើងដោយទស្សនាវដ្ដី Time (ថាម)។
ព្រះអង្គម្ចាស់អង់គ្លេស Harry និងមហេសី Meghan បានលេចមុខលើក្របមុខនៃទស្សនាវដ្ដី Time ដែលនិយាយអំពីបុគ្គលមានឥទ្ធិពលបំផុតលើលោកទាំង១០០នាក់ប្រចាំឆ្នាំ២០២១ បន្ទាប់ពីអ្នកទាំងពីរបានចាកចេញពីរាជវាំង និងកសាងជីវិតឯករាជ្យយ៉ាងសកម្មក្នុងការផលិតកម្មវិធី និងការងារជាច្រើនទៀត។
ក្នុងបញ្ជីបុគ្គលមានឥទ្ធិពលទាំង១០០ក៏មានបញ្ចូលឈ្មោះតារាចម្រៀងវ័យក្មេង Billie Eilish (ប៊ីលលី អាយលីហ្ស), តារាចម្រៀងប៉ុប Britney Spears, តួឯកស្រី “Titanic” Kate Winslet និងកីឡាករអូឡាំពិក Simone Biles (សាយម៉ុន ប៊ីឡេស) ផងដែរ។
នេះជាលើកដំបូងហើយដែល Britney Spears មានឈ្មោះក្នុងបញ្ជីបុគ្គលមានឥទ្ធិពល ខណៈដែលឆ្នាំនេះគេបានឃើញនាងខិតខំរើបម្រះដើម្បីឲ្យតុលាការដកសិទ្ធិត្រួតត្រាដែលឪពុករបស់នាងមានលើរូបនាងអស់ជាច្រើនឆ្នាំមកហើយ។
បញ្ជីបុគ្គលមានឥទ្ធិពលបំផុតទាំង១០០នាក់ ដែលមិនមានការចាត់ចំណាត់ថ្នាក់ មានបញ្ចូលឈ្មោះស្ត្រីចំនួន៥៤នាក់សម្រាប់ឆ្នាំ២០២១ ដែលក្នុងនោះក៏មានអ្នកនយោបាយដូចជាលោកប្រធានាធិបអាមេរិក Joe Binden (ចូ បាយដេន) និងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump (ដូណាល់ ត្រាំ) ផងដែរ។
លោក Edward Felsenthal (អេតវ៉ដ ហ្វេលសេនថល) ជានិពន្ធនាយកនៃទស្សនាវដ្ដី Time បាននិយាយថាបញ្ជីនេះគឺមានដាក់បញ្ចូលឈ្មោះអ្នកដឹកនាំពិសេសនៅជុំវិញពិភពលោក ដែលខិតខំដើម្បីរៀបចំនូវអនាគតល្អប្រសើរសម្រាប់ពិភពលោក៕
ប្រែសម្រួល៖ វ៉ាន់ថន