ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

មិនទាន់ចែកធៀបការទេតែ អ៊ីណូ បានហៅនារីម្នាក់ជាប្រពន្ធពេញៗមាត់ !

២០ កញ្ញា ២០២១ | កម្សាន្ដ

 

តារាចម្រៀង អ៊ីណូ មិនទាន់បានចែកធៀបការអញ្ជើញមិត្តភក្តិចូលរួមក្នុងថ្ងៃពិសេសរបស់ខ្លួននោះទេ ក៏ប៉ុន្តែលោបានហៅនារីម្នាក់ជាប្រពន្ធពេញៗមាត់ដោយរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះដើម្បីចូលរោងការ។  

 

 

ថ្វីដ្បិតតែធ្លាប់ប្រកាសថា មានគូស្នេហ៍រួចតែតារាចម្រៀងលោក អ៊ីណូ មិនធ្លាប់បានបង្ហាញមុខគូស្នេហ៍ខ្លួនជាសាធារណៈឱ្យទស្សនិកជនបានស្គាល់នោះទេ ទើបតែប៉ុន្មានថ្ងៃនេះស្រាប់តែលោកបានបង្ហាញរូបភាពផ្អែមល្ហែមជាមួយនារីម្នាក់ ហើយថែមទាំងប្រកាសថាលោកមានប្រពន្ធរួចហើយ ដោយសារតែបញ្ហាជំងឺកូវីដ ១៩ ទើបពិធីមង្គលការរបស់ខ្លួនមិនទាន់អាចដំណើរការបាន។ 

 


នេះជាលើកដំបូងហើយសម្រាប់តារាចម្រៀងញាក់កន្រ្តាក់អារម្មណ៍លោក អ៊ីណូ បានប្រកាសថាខ្លួនមានភរិយារួចហើយ ទាំងមិនទាន់បានបង្ហាញពីពិធីមង្គលការទៅតាមប្រពៃណី។ តែទោះជាយ៉ាងណាក្តី ទាំងអ្នកគាំទ្រ និង មិត្តភក្តិក្នុងនិងក្រៅសិល្បៈ សុទ្ធតែបានជូនពរគូស្នេហ៍នេះជួបតែសុភមង្គលនៅក្នុងគ្រួសារ ។ តារាចម្រៀងពូកែស្រែករូបនេះ បានបង្ហោះសារនៅលើ ហ្វេសប៊ុក របស់ខ្លួនថា « គោរពអរគុណប៉ាម៉ាក់ទាំងសងខាង ជួបគ្នាឆាប់ៗម្តងទៀត នៅពេលមេរោគចង្រៃរលាយផុត » ។ 

 


មិនត្រឹមតែលោក អ៊ីណូ ប៉ុណ្ណោះទេ ដែលបានហៅគូស្នេហ៍របស់ខ្លួនថាប្រពន្ធពេញៗមាត់ សូម្បីតែ ថៃ ម៉ានីតា ដែលជាគូស្នេហ៍ ក៏បានហៅលោកថា ប្តីពេញៗមាត់ផងដែរ ដែលបញ្ជាក់ថា អ្នកទាំងពីរ ពិតជាស្រឡាញ់និងបានរួមរស់ជាមួយគ្នាជាលក្ខណៈប្តីប្រពន្ធរួចទៅហើយ ។ 

 


តាមប្រពភព័ត៌មានស្និទ្ធជាមួយលោក អ៊ីណូ បានបង្ហើបប្រាប់ថា លោក អ៊ីណូ និង ថៃ ម៉ានីតា បានរៀបចំពិធីជាលក្ខណៈគ្រួសារមានចាស់ទុំដឹងលឺ អ្នកទាំងពីរមានគម្រោងនឹងរៀបចំពិធីធំដុំ និង អញ្ជើញ មិត្តភក្តិក្នុងនិងក្រៅសិល្បៈចូលរួមយ៉ាងច្រើនកុះករ នៅពេល ជំងឺកូវីដ ១៩ មានការធូស្រាល ។

 


ក្រោយពីប្រកាសបើកចំហពីទំនាក់ទំនងខ្លួន លោក អ៊ីណូ កាន់តែកាក់កបក្នុងការងាររកស៊ី លោកនិងភរិយាថែមទាំងបានឡាយលក់រថយន្ត និងធ្វើការងារជាច្រើនទៀតរួមគ្នាផងដែរ ។ 

 


ទោះបីជាលោក អ៊ីណូ ប្រកាសមានភរិយារួចក្តី តែលោកនៅបន្តអាជីពចម្រៀងដូចមុនដដែល ជាក់ស្តែងបទចម្រៀងថ្មីៗរបស់លោកត្រៀមនឹងចេញជាបន្តបន្ទាប់ដើម្បីបំពេរអារម្មណ៍ទស្សនិកជន ៕  

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024