ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

បន្តោងខ្សែកម៉ូដកូរ៉ូណាស្អាតៗ កំពុងត្រូវប៉ាន់ក្នុងហាងពេជ្រនៅហ្ស៊កដានី

២៩ ឧសភា ២០២០ | កម្សាន្ដ

នៅជាប់ខ្សែកពេជ្រដ៏ភ្លឺចែងចាំងក្នុងហាងលក់គ្រឿងអលង្ការ Amman (អាំម៉ាន់) ប្រទេសហ្ស៊កដានី គេឃើញបន្តោងខ្សែកម៉ូដប្លែកៗដាំត្បូងពណ៌ស បៃតង និងពណ៌ជាច្រើនទៀត ដែលត្រូវបានបំផុសគំនិតពីការផ្ទុះនៃវីរុសកូវីដ១៩ និងកំពុងទទួលការពេញនិយមនៅទីនេះ។


ក្រៅពីច្នៃបន្តោងរូបរាងដូចនឹងវីរុស អ្នកច្នៃម៉ូដគ្រឿងអលង្ការបានបង្កើតបន្តោងខ្សែករូបមនុស្សពាក់ម៉ាស ដែលមានម៉ូដទង់ជាតិនៃបណ្ដាប្រទេសអារ៉ាប់ផងដែរ។


លោក Abdullah Sakijha (អាប់ឌុឡា សាគីជីហា) ជាម្ចាស់ហាងបាននិយាយថាលោកចង់ខ្សែកទាំងនេះអាចរំឭកប្រជាជនទាំងអស់ឲ្យផ្តោតអារម្មណ៍ទៅលើភាពវិជ្ជមានដែលយើងអាចទទួលបានក្នុងគ្រាលំបាកទាំងនេះ ដូចជាការជួបជុំគ្រួសារ សាមគ្គីភាព និងការលះបង់របស់ក្រុមគ្រូពេទ្យជាដើម។

 


គួរបញ្ជាក់ថា វិស័យគ្រឿងអលង្ការរបស់ប្រទេសហ្ស៊កដានីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរាតត្បាតវីរុសកូវីដ១៩ដោយមានការកើនឡើងនូវតម្លៃ ខណៈសេដ្ឋកិច្ចតឹងតែងធ្វើឲ្យប្រជាជនមិនសូវចំណាយលុយទិញ។ តម្លៃមាសបានឡើងដល់ ១៧២៨ ដុល្លារក្នុងមួយអោនគិតត្រឹមថ្ងៃសុក្រ ២៩ ឧសភានេះ ដែលកើនឡើងជាង១០ ភាគរយ ធៀបនឹងតម្លៃ ១៥១៩ ដុល្លារក្នុងមួយអោនកាលពីខែមករា។


លោក Sakijha និយាយថាការរចនាបន្តោងខ្សែករូបវីរុសនេះបានបង្កឱ្យមានការចាប់អារម្មណ៍ឡើងវិញនៅក្នុងហាងរបស់លោក ដោយមានការបញ្ជាទិញពីប្រជាជនហ្ស៊កដានីផង និងពីប្រទេសជាច្រើនទៀតនៅតំបន់ឈូងសមុទ្រនេះ ៕

 

 

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024