ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

Mohammed Khan លើកឡើងពីការយល់ឃើញចំពោះក្រុម ក្រោយលីគដំណើរការ ៥សប្តាហ៍

២៩ ឧសភា ២០២០ | កីឡា

ក្រោយលីគដំណើរការបាន ៥សប្តាហ៍កន្លងមក ខ្សែការពារកណ្តាលវិសាខា Mohammed Khan បានលើកឡើងពីចំនុចមួយចំនួន ដែលខ្លួនយល់ឃើញចំពោះក្រុម ដូចជាការរកគ្រាប់បាល់ឲ្យបានច្រើន ការសហការណ៍គ្នាជាក្រុមកាន់តែល្អ ដើម្បីឈ្នះការប្រកួត។ ខ្សែការពារជនជាតិអាហ្រ្វិកខាងត្បូងរូបនេះបន្តថា ថ្វីដ្បិតតែការប្រកួតបើករដូវកាលដំបូងពុំទាន់ដូចអ្វីដែលក្រុមចង់បាន ប៉ុន្តែលទ្ធផលល្អប្រសើរអាចទទួលយកបាន និងត្រូវសិក្សាពីការប្រកួត ក៏ដូចជាពង្រឹងក្រុមបន្ថែមទៀត។

 


ប្រាប់ដល់ភីអិនអិន កាលពីពេលថ្មីៗ ខ្សែការពារវ័យ២៧ឆ្នាំ Mohammed Khan បានលើកឡើងពីការយល់ឃើញរបស់ខ្លួន ចំពោះក្រុមអំឡុងលីគដំណើរការបាន ៥សប្តាហ៍កន្លងទៅបែបនេះថា៖ «ជាក្រុមទាំងមូលយើងគួរតែស្វែងរកគ្រាប់បាល់អោយបានច្រើនជាងនេះ ដើម្បីឈ្នះការប្រកួត យើងបានចាប់ផ្តើមរដូវកាលជាមួយលទ្ធផលដែលយើងពុំចង់បាននោះទេ ប៉ុន្តែយ៉ាងណាលទ្ធផលគឺមិនអាក្រក់នោះទេ យើងមិនចាញ់ច្រើនប្រកួតនោះទេ ដូច្នេះយើងត្រូវសិក្សាពីការប្រកួតបន្ថែមទៀត»។

 


អតីតខ្សែការពាររបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិរូបនេះបន្ថែមថា រូបគេមានការប្តេជ្ញាចិត្តខ្ពស់ទាំងក្នុងទីលាន និងក្រៅទីលាន ដើម្បីជួយក្រុមទទួលបានលទ្ធផលល្អនៅចប់រដូវកាល។

 

«ខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់នៅលើទីលានជាមួយវិសាខា ខ្ញុំតែងតែជំរុញខ្លួនខ្ញុំបន្ថែម ដើម្បីឈានទៅកម្រិតល្អប្រសើរមួយទៀត ហើយពេលខ្លះខ្ញុំក៏តែងតែជំរុញមិត្តរួមក្រុមផងដែរ គ្រប់យ៉ាងគឺខ្ញុំព្យាយាមធ្វើវាដើម្បីចង់ឈ្នះការប្រកួត ទាំងនេះជាអ្វីដែលខ្ញុំចង់បាន»។

 

 

គួរដឹងដែរថា Mohammed Khan បានប្រឡូកអាជីពក្នុងលីគកំពូលកម្ពុជាដំបូង ជាមួយក្រសួងការពារជាតិកាលពីរដូវកាល ២០១៩ មុនផ្លាស់មកចូលរួមជាមួយវិសាខា នៅដើមរដូវកាល ២០២០នេះ។ ដោយឡែកបទពិសោធក្នុងអាជីពរបស់គេ រូបគេធ្លាប់លេងនៅលីគទី២នៅអាហ្រ្វិកខាងត្បូង ក្រោយមកក៏មកចូលរួមជាមួយ Phattalung FC នៅលីគទី៤របស់ថៃ ៕

អត្ថបទ និងរូបភាព៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024