ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ធនាគារពិភពលោកថា វៀតណាមត្រូវបង្កើនផលិតភាពការងារថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

២៩ ឧសភា ២០២០ | សេដ្ឋកិច្ច

ធនាគារពិភពលោក ក៏បានជំរុញឲ្យប្រទេសវៀតណាម ត្រូវច្របាច់បញ្ជូលគ្នានូវការបង្កើតថ្មី ជាមួយនឹងការអភិវឌ្ឍប្រកបដោយតុល្យភាព និងរៀបចំបែងចែកមូលធននៃវិស័យឯកជន វិស័យសាធារណៈ ធនធនមនុស្ស និងធនធានធម្មជាតិ ដើម្បី ប្រែក្លាយខ្លួនទៅជាប្រទេសអ្នកមាន នៅថ្ងៃខាងមុខ។

 


ស្របពេលដែលរដ្ឋាភិបាលវៀតណាមកំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ២០២១-២០៣០ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ២០២១-២០២៥ នោះ របាយការណ៍ធនាគារពិភពលោក បានផ្ដល់អនុសាសន៍ជាជម្រើសគោលនយោបាយមួយចំនួន ដើម្បីជួយលើកកម្ពស់គុណភាពកំណើន តាមរយៈបង្កើន ក្រុមហ៊ុនដែលពោរពេញដោយសមត្ថភាព, ប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ, ជំនាញវិជ្ជាជីវៈរបស់កម្មករនិយោជិត និងការបោះជំហានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។

 


អ្នកជំនាញ ពីធនាគារពិភពលោក បានឲ្យដឹងថា វៀតណាមគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានបទពិសោធន៍អភិវឌ្ឍជោគជ័យដ៏ប្រសើរ។ ប៉ុន្ដែ ប្រទេសនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងចំណុចរបត់មួយ ដែលមានការជំរុញលូតលាស់កំណើនតាមបែបប្រពៃណី ហើយការលូតលាស់នេះ កំពុងមានការចុះខ្សោយជាបណ្ដើរៗហើយ។

 


អ្នកជំនាញបន្ថែមទៀតថា ដើម្បីសម្រេចមហិច្ឆតាក្លាយជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៤៥ វៀតណាមត្រូវតែកំណត់យក កំណើនផលិតភាព គឺជាកិច្ចការជួរមុខ និងជាចំណុចស្នូលសម្រាប់គំរូសេដ្ឋកិច្ចរបស់ខ្លួន។ និយាយមួយបែបទៀត គឺ ផលិតភាពនេះ មិនត្រឹមតែត្រូវការង្កើនល្បឿនអភិវឌ្ឍឲ្យបានឆាប់ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏ត្រូវការគុណភាពកាន់តែល្អប្រសើរផងដែរ។

 


ប្រសិនបើវៀតណាម ចង់សម្រេចគោលដៅជាប្រទេសមានសេដ្ឋកិច្ចចំណូលខ្ពស់ ប្រទេសនេះ ក៏ត្រូវការផ្លាស់ប្តូរគំរូកំណើនរបស់ខ្លួន ដោយជាមធ្យមកំណើនប្រចាំឆ្នាំ នៃផលិតភាពការងាររបស់វៀតណាម ត្រូវការពង្រីកឲ្យបានដល់ទៅ ៦,៥% ទៅ ជាង ៦,៧% ធៀបនឹងកាលពីចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ មានតែជាង ៤,៧% ប៉ុណ្ណោះ។ នេះបើតាមកាអះអាងរបស់អ្នកជំនាញ។

 


តាមការប៉ាន់ប្រមាណ របស់ធនាគារពិភពលោកនៅឆ្នាំ ២០២០នេះ កំណើនសេដ្ឋកិច្ចវៀតណាម អាចនឹងមាន ៤,៩% ស្របពេលដែល អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករថា នឹងមាន ២,៧%។ រីឯការព្យាកររបស់រដ្ឋាភិបាលវិញថា នឹងមាន កំណើន ៥% នៅឆ្នាំនេះ។

 


កាលពីឆ្នាំមុន កំណើនសេដ្ឋកិច្ចវៀតណាមសម្រេចបានដល់ទៅ ៧,០២% គឺជាកំណើនមួយខ្ពស់បំផុតទី នៅក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីកំណើនខ្ពស់បំផុត ធ្លាប់មាន ៧,០៨% កាលពីឆ្នាំ២០១៨៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024