ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រោយពីប្រកាសក្ស័យធន Thai Airways នឹងត្រូវការពេល ៥ឆ្នាំ ដើម្បីស្ដារនីតិសម្បទាឡើងវិញ

២៩ ឧសភា ២០២០ | សេដ្ឋកិច្ច

តាមការរាយការណ៍របស់កាសែតបាងកកប៉ុស្ដិ៍ បានឲ្យដឹងថា តុលាការបាននិយាយនៅថ្ងៃទី ២៧ ខែឧសភាថា សវនការដំបូងនឹងត្រូវបើកនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី ១៧ ខែសីហាខាងមុខ។

 


សំណើរដំណើរការនៃការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន Thai Airways ក៏ត្រូវចម្លងផ្ញើជូនទៅកាន់ម្ចាស់បំណុល និងភាគីពាក់ព័ន្ធផ្សេងទៀតផងដែរ។ តុលាការក៏បានបញ្ជាក់ថា ម្ចាស់បំណុលរបស់ក្រុមហ៊ុននេះ អាចប្ដឹងជំទាស់ទៅកាន់ដំណើរការរៀបចំរចនាសម្ព័ន្ធនេះបាន ក្នុងរយៈពេល ៣ថ្ងៃ មុនថ្ងៃបើកសវវការដំបូង។ បើបន្ទាប់ពីនោះ តុលាការនឹងសម្រេចថា ម្ចាស់បំណុលបានព្រមព្រៀងជាមួយដំណើរការនេះហើយ។

 


ក្រុមហ៊ុន Thai Airways បានដាក់សំណើរក្ស័យធនរបស់ខ្លួន ទៅកាន់តុលាការនៅថ្ងៃអង្គារម្សិលមិញ ដើម្បីស្វែងរកការការពារ និងបន្តការធ្វើអាជីវកម្ម ការស្ដារបំណុល និងស្ដារនីតិសម្បទាអាជីវកម្មឡើងវិញ។

 


ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជំពាក់បំណុលមិនទាន់សងសរុប ២០០ ពាន់លានបាត (ប្រមាណ ៦,៣ ពាន់លានដុល្លារអាមេរិក) ដោយក្នុងនោះ មាន ៣០% ជាបំណុលជំពាក់ក្នុងស្រុក។

 


អនុរដ្ឋមន្ត្រីថៃ លោក Wissanu Kreaa-ngam បាននិយាយថា តុលាការទំនងជាប្រើពេលវេលាប្រហែល ៣ខែ ពិចារណាលើញ្ញត្តិស្ដារនីតិសម្បទារបស់ក្រុមហ៊ុន Thai Airways។ ប្រសិនបើ តុលាការយល់ព្រមទទួលយក វាត្រូវការពេលវេលា៣ខែទៀត ដើម្បីរៀបចំផែនការស្ដារនីតិសម្បទា ដែលបន្ទាប់មកត្រូវផ្ញើជូនទៅកាន់ម្ចាស់បំណុល សម្រាប់ការទទួលស្គាល់ រួចផ្ញើត្រលប់មកតុលាការវិញដើម្បីអនុម័ត។

 


លោក Wissanu បន្ថែមទៀតថា «វាត្រូវការពេលប្រហែល ៦ខែ ដើម្បីដាក់ផែនការស្ដារនីតិសម្បទា ទៅកាន់តុលាការ បន្ទាប់មក ដំណើរការស្ដារនីតិសម្បទានេះ នឹងត្រូវចំណាយពេលប្រហែលជា ៥ឆ្នាំ»៕

អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024