ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញទេសចរណ៍អះអាងថា ការបន្តការលើកលែងពន្ធលើវិស័យទេសចរណ៍នៅតែខ្លី បើអាចសុំព្យារហូត៥ខែតទៅទៀត 

២៩ ឧសភា ២០២០ | សេដ្ឋកិច្ច

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេចរណ៍កម្ពុជាបានសាទរចំពោះការសម្រេចបន្តសុពលភាពលើកលែងពន្ធ ២ខែបន្ថែមទៀតនៅក្នុងវិស័យទេសចរណ៍ និងថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលដែលបានចូលរួមចំណែកក្នុងការជួយកាត់បន្ថយការចំណាយរបស់សហគ្រាស។ ទោះជាយ៉ាងណា ខាងសមាគម នូវតែទទូចចង់បានការអនុគ្រោះបន្ថែមទៀត ទាំងពេលវេលា និងប្រាក់ឧបត្ថម្ភជូនបុគ្គលិកចំនួន ២ខែទៀតដូចទៅនឹងការសម្រេចលើកមុន ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់សហគ្រាស។

 

 


លោកស្រី បញ្ជាក់ថា ក្នុងរយៈពេលនៃការបន្តសុពលភាពអនុគ្រោះលើការបង់ពន្ធពីរខែនេះនៅតែខ្លី ប្រសិនបើអាចសូមបន្ដ លើកលែងពន្ធ ពី៤ ទៅ៥ខែតទៅមុខទៀត ព្រោះវិស័យទេសចរណ៍ក្នុងរយៈពេលភ្លាមៗនេះ ចំពោះការហោះហើរគឺនៅតែមិនមានច្រើននោះឡើយ ហើយចំពោះទេសចរដើរកំសាន្តនៅតំបន់ទេសចរណ៍ផ្សេងៗក៏មិនមានភ្ញៀវដើរច្រើនដូចមុនៗនោះដែរ ខណៈពួកគាត់នៅតែខ្លាចរអាពីជំងឺកូវីដ ១៩។

 


លោក ឆាយ ស៊ីវលីនអះអាងបន្ថែមថា ការផ្តល់ឲ្យរបស់រដ្ឋាភិបាលនេះគឺពិតជារយៈពេលខ្លី ណាស់ ដូច្នេះបើអាចសុំបន្តសុពលភាពឲ្យដល់៥ខែទៅមុខទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្នាក់ងារទេសចរណ៍អាចរៀបចំកំណត់ការដាក់តម្លៃជូនភ្ញៀវទេសចរ ខណៈការសម្រេចដាក់ថ្លៃជូនភ្ញៀវយ៉ាងតិចណាស់ក៏ពី៤ ខែឬដល់ទៅមួយឆ្នាំដែរ ដូច្នេះបើរដ្ឋាភិបាលសម្រេចផ្តល់ជូនតែ២ខែបែបនេះ គឺយើងមិនហ៊ានដាក់តម្លៃជូនភ្ញៀវបានឡើយ ព្រោះការធ្វើកិច្ចសន្យាជាមួយភ្ញៀវត្រូវការពេលច្រើន តិចបំផុតគឺ៤ខែឡើងទៅ។

 

 


សូមជម្រាបថា វិធានការជុំទី៤ របស់រដ្ឋាភិបាលបញ្ជាក់ថា រដ្ឋាភិបាលនៅតែបន្តជួយវិស័យទេសចរណ៍ ដោយបន្តលើកលែងការបង់ពន្ធប្រចាំខែរយៈពេល២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ ចំពោះអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង និងជាពិសេសបន្តលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២១។

 


បើតាមលោក ស្រី ឆាយ ស៊ីវលីន បច្ចុប្បន្នការប្រកាសព្យួរឬបិទអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ ភោជ្ជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ជាផ្លូវការគឺមិនមានចំនួនច្រើននោះទេ ក៏ប៉ុន្តែអ្នកសម្រេចបិទអាជីវកម្មដោយខ្លួនឯងគឺមានចំនួនច្រើនស្ទើតែទាំងស្រុងដោយក្នុងនោះគឺមានសណ្ឋាគារ និងផ្ទះសំណាក់កំពុងបើកដំណើរការពេលនេះមានត្រឹម១០ភាគរយប៉ុណ្ណោះ៕


អត្ថបទ ស៊ឺន សុន 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024