ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

វត្តមាន អេស៊ីលីដា បង្កើតឱ្យមាន បម្រែបម្រួលធំៗនៅលើ ផ្សារមូលបត្រកម្ពុជា

២៩ ឧសភា ២០២០ | សេដ្ឋកិច្ច

ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ការចុះបញ្ជីនៅលើផ្សារភាគហ៊ុន របស់ធនាគារអេស៊ីលីដា គឺខុសពីការចុះបញ្ជីរបស់ក្រុមហ៊ុនដទៃ ដោយមានលក្ខណៈពិសេសជាច្រើន ក្នុងនោះទំហំនៃការជួញដូរភាគហ៊ុនរបស់អេស៊ីលីដា បានកើនឡើងដល់ ខ្ទង់លានដុល្លារ ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា មិនដែលធ្លាប់មានពីមុនមកនោះទេ ហើយលើសពីនេះទៅទៀត ថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងៗ ដែលទើបតែចុះបញ្ជីថ្មីៗ គឺមានការធ្លាក់ចុះតម្លៃបន្តិច ឬនៅថេរ តែចំពោះភាគហ៊ុនរបស់អេស៊ីលីដា នៅពេលបានចុះបញ្ជីហើយ មានការកើនឡើងភ្លាមៗតែម្តង។


ឯកឧត្តម បន្តថា វត្តមានរបស់ គ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំមួយនេះដែលមានប្រាក់ចំណូល និងប្រាក់ចំណេញច្រើន បានទាក់ទាញ វិនិយោគិន និងសាធារណជន ឲ្យចាប់អារម្មណ៍មកលើ វិស័យមូលបត្រកាន់តែច្រើន ជម្រុញឲ្យមានសកម្មភាពជួញដូរ កាន់តែមមាញឹក ក្រុមហ៊ុនផ្សេងៗ កាន់តែចាប់អារម្មណ៍ និងមើលឃើញកាន់តែច្បាស់ពីប្រយោជន៍ នៃការចុះបញ្ជីលើ ផ្សារមូលបត្រកម្ពុជា។

 

 


បើតាមទិន្នន័យពី ផ្សារមូលបត្រកម្ពុជា បានបង្ហាញឲ្យដឹងថា គិតចាប់ពីដើមខែមករា មកដល់ថ្ងៃទី ២២ ខែឧសភា មុនពេល ធនាគារអេស៊ីលីដា ចុះបញ្ជីជាផ្លូវការ យើងឃើញថា សន្ទស្សន៍ទីផ្សារ មានជាង ៦៦០ពិន្ទុ ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ មានជាង ១ម៉ឺន ៤ពាន់ដុល្លារ តែក្រោយពេលដែលអេស៊ីលីដា ចុះបញ្ជីបាន ៣ថ្ងៃ គិតត្រឹមថ្ងៃទី ២៧ ខែឧសភានេះ សន្ទស្សន៍ទីផ្សារ កើនដល់ ៧៤០ពិន្ទុ ខណៈទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ មានជាង ៥សែនដុល្លារឯណោះ។


ជាក់ស្តែង កាលពីថ្ងៃទី ២៧ ខែឧសភា ទំហំនៃការទិញលក់ភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជា មានទំហំជាង ៥ពាន់ ១រយលានរៀល ដោយក្នុងនោះ ភាគហ៊ុនរបស់អេស៊ីលីដា ដែលត្រូវបានជួញដូរ គឺមាន ២៥ម៉ឺនហ៊ុន ក្នុងតម្លៃមួយហ៊ុន ១ម៉ឺន ៩៦០០រៀល សរុបជាង ៤ពាន់ ៨រយលានរៀល ទៅហើយ ខណៈ ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជី ៥ផ្សេងទៀត សម្រេចបានជាង ៣រយលានរៀល។

 

 


ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ប្រាប់ដល់ ក្រុមការងារសេដ្ឋកិច្ចភីអិនអិន ឲ្យបានដឹងថា ការជួញដូរខ្ទង់លានដុល្លាររបស់ ធនាគារអេស៊ីលីដា ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នានេះ គឺមានពេលវេលាខ្លីណាស់ សម្រាប់ការវាយតម្លៃ ក៏ប៉ុន្តែ វាសបញ្ជាក់ពី កំណើនទំនុកចិត្តរបស់ វិនិយោគិនសាធារណៈ មកលើទីផ្សារមូលបត្រ និងភាពរឹងម៉ាំរបស់ ក្រុមហ៊ុនចុះបញ្ជីអេស៊ីលីដានេះ ដែលជម្រុញបន្ថែម នូវភាពទាក់ទាញ សម្រាប់ការជួញដូរលើទីផ្សារ និងធ្វើឲ្យទំហំជួញដូរ កើនឡើងគួរឲ្យកត់សម្គាល់។

 


ឯកឧត្តម ស៊ូ សុជាតិ ក៏បានអំពាវនាវឲ្យ ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ពិចារណាចុះបញ្ជី ក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីទទួលបាននូវ ភាពជឿជាក់បន្ថែមពី សាធារណជន ព្រមទាំងជម្រុញកំណើនសេដ្ឋកិច្ច តាមរយៈការពង្រីកធុរកិច្ចរបស់ខ្លួន និងការបែងចែកភាពរីកចម្រើនរបស់ខ្លួន ដល់វិនិយោគិនសាធារណៈ។

 


លោក ព្រំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុន ACLEDA Securities Plc. បានបញ្ជាក់ឲ្យដឹងដែរថា វត្តមានរបស់ធនាគារអេស៊ីលីដា ពិតជាបានជម្រុញឲ្យ វិស័យមូលបត្រកម្ពុជា មានភាពប្រសើរឡើងមួយកម្រិតទៀត ហើយវាជាប្រវត្តិសាស្រ្តថ្មីមួយ ចាប់តាំងពីមាន ផ្សារមូលបត្រកម្ពុជា គឺពុំមានការជួញដូរ ក្នុងទំហំធំ បែបរូបវ័ន្តបុគ្គល បែបនេះទេ ពោលគឺ ការរជួញដូរភាគហ៊ុនរបស់ អេស៊ីលីដា ភាគច្រើនជា រូបវ័ន្តបុគ្គល ឬហៅថា អ្នកទិញរាយតូចៗជាច្រើន ដែលជម្រុញឲ្យសកម្មភាពទិញលក់ កាន់តែមមាញឹក និងរស់រវើក។

 

 


ព្រឹត្តិការណ៍នេះ សបញ្ជាក់ឲ្យឃើញពី ជំនឿទុកចិត្តរបស់ សាធារណជន និងវិនិយោគិន មកលើ ធនាគារអេស៊ីលីដា ដែលមានប្រតិបត្តិការល្អប្រសើរ ទោះបីក្នុងសម័យកូវីដ ក៏ដោយ ហើយលោក ព្រំ វិសុទ្ធ បញ្ជាក់ថា មកទល់ពេលនេះ នៅមានអ្នកបញ្ជាទិញហ៊ុនអេស៊ីលីដា ជាង ៣ម៉ឺន ៤ពាន់ហ៊ុនទៀត ក្នុងតម្លៃអតិបរមា ដែលកំពុងតែទន្ទឹងរង់ចំាមើល អ្នកលក់។

 


សូមបញ្ជាក់ថា មុនដំណាច់ឆ្នាំនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រំពឹងថា នឹងមានក្រុមហ៊ុនចុះបញ្ជីចំនួន ២បន្ថែមទៀត ដែលអាចមួយចុះបញ្ជីលក់ភាគហ៊ុន និងមួយទៀតចុះបញ្ជីលក់មូលបត្របំណុល៕


អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024