ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

រដ្ឋលេខាធិការមហាផ្ទៃ បង្ហើបចំណាត់ការចំពោះពលករវិលចូលប្រទេសវិញ ៩ម៉ឺននាក់ ដែលកំពុងប្រឈមអត់ការងារធ្វើ

២៨ ឧសភា ២០២០ | ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានប្រាប់ PNN នៅថ្ងៃ ២៨ ឧសភានេះថា ចំនួនពលករដែលវិលត្រឡប់មកកម្ពុជា ចាប់ពីក្នុងខែមីនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះមានជាង ៩ម៉ឺននាក់ហើយ។


ឆ្លើយតបនឹងសំនួរថា តើរដ្ឋាភិបាល ឬសមត្ថកិច្ចនឹងដោះស្រាយយ៉ាងណា ចំពោះពលករដែលកំពុងប្រឈមគ្មានការងារ ហើយគ្មានស្រែចម្ការធ្វើទាំងនោះ?

 


លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រថវិកាដល់សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីពង្រីកអាជីវកម្ម ដែលអាចទទួលយកកម្លាំងពលកម្មបន្ថែមទៀត ហើយក៏បានផ្សព្វផ្សាយអប់រំ ណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាពលករ សូមកុំរង់ចាំតែឱកាសត្រឡប់ទៅធ្វើការក្រៅប្រទេស ព្រោះអាជីវកម្មនានានៅកម្ពុជា ពុំទាន់ផ្អាកជាទូទៅ ដូចក្នុងប្រទេសមួយចំនួននៅឡើយទេ។

 
លោកជំទាវបន្តថា បើទោះបីគ្មានស្រែចម្ការ តែក៏ត្រូវធ្វើការដាំដុះផ្គត់ផ្គង់ខ្លួនឯង ជាដំណាំរួមផ្សំជុំវិញផ្ទះ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ កាត់បន្ថយចំណាយ និងរកវិធីបង្កើនចំណូល ដោយសហការជាមួយមន្ទីរ-ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលនានានៅជិតបំផុត ដែលរង់ចាំជួយគាំទ្រ។

 


រាជរដ្ឋាភិបាល បានដោះស្រាយបញ្ហាជាច្រើនរួចមកហើយ ដូចជាការផ្តល់ការពិនិត្យសុខភាព ឬធ្វើតេស្ត រកមេរោគកូវីដ-១៩ ដោយឥតគិតថ្លៃ  ការផ្តល់ជំនួយឧបត្ថម្ភក្នុងការដោះស្រាយជីវភាព តាមរយៈរដ្ឋបាលខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ក្រុមការងារចុះជួយមូលដ្ឋាន សប្បុរសជន កាកបាទក្រហមកម្ពុជា វត្តអារាម និងវិហារសាសនា ...។ល។ ជាប់ជាហូរហែរ។


ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកំពុងដាក់ចេញនូវវិធានការស្រង់ទិន្នន័យ ដើម្បីដាក់បញ្ចូលជនទេសន្តរប្រវេសន៍ ឬគ្រួសារ ដែលបាន និងកំពុងប្រឈមនឹងស្ថានភាពក្រីក្រ ធ្វើប័ណ្ណក្រីក្រ ដើម្បីទទួលបានការឧបត្ថម្ភ និងការគាំទ្រសេវាផ្សេងៗពីរាជរដ្ឋាភិបាល៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024