ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

ប្រធានក្លិបទ័ព តាំងចិត្តមិនបោះបង់បាល់ទាត់ ទោះជំនួញជួបបញ្ហា

២៨ ឧសភា ២០២០ | កីឡា

លោក ស៊ុប៉ាឆៃ វីរៈភូជុង  ប្រធានគណៈកម្មការទ្រទ្រង់សមាគមបាល់ទាត់កងយោធពលខេរមភូមិន្ទ អះអាងថា ទោះមុខជំនួញរបស់លោកមានបញ្ហារាំងស្ទះបណ្ដាលឲ្យបាត់ចំណូលយ៉ាងក្រាស់ក្រែលដោយសារជំងឺ COVID 19 លោកនៅតែតស៊ូក្រាញននៀលមិនដើរចេញពីប្រភេទកីឡាមួយនេះឡើយ។ 


អ្នកជំនួញជនជាតិថៃខាងលើថ្លែងថា ទើបតែឈានជើងចូលដឹកនាំក្រុមមិនបានប៉ុន្មានផង បែរជាជួបប្រទះរឿងរ៉ាវមិនល្អ។ តែយ៉ាងណា លោកប្ដេជ្ញាមិនបោះបង់ក្រុមការងារ និងកីឡាករ ពោលនៅតែបន្តរួមសុខរួមទុក្ខជាមួយគ្នា និងជាពិសេសបន្តផ្ដល់ប្រាក់បៀវត្សរៀងរាល់ខែ។

 


«ដូចអ្នកបានដឹងស្រាប់ហើយ នៅឆ្នាំដំបូងនេះ ខ្ញុំបាត់ចំណូល តែខ្ញុំនៅតែបន្តផ្ដល់ថ្លៃពលកម្មដល់ពួកគេរៀងរាល់ខែ។ នេះជាការប្ដេជ្ញាចិត្តរបស់ខ្ញុំ។ អ្នកដឹងទេ ខ្ញុំមានអារម្មណ៍ថា ពេលខ្ញុំឈានជើងមកទីនេះ ខ្ញុំប្រៀបដូចជាបងប្រុសគេម្នាក់ក្នុងគ្រួសារមួយអ៊ីចឹង ដូច្នេះខ្ញុំត្រូវតែព្យាយាមមើលថែពួកគេអស់ពីសមត្ថភាព។ អ្វីដែលខ្ញុំមានក្នុងខ្លួន គឺមានកំណត់ដូចគ្នា ប៉ុន្តែខ្ញុំត្រូវតែថែរក្សាពួកគេ។ នេះហើយគឺជាជីវិត។ តាមពិតទៅខ្ញុំទើបតែទទួលបានការតែងតាំងមុនផ្ទុះជំងឺ COVID 19 (នៅកម្ពុជា)។ ខ្ញុំមិនហ៊ាននិយាយដាច់ណាត់ថាជារឿងស៊យឬក៏ម៉េចទេ ព្រោះជីវិតគឺវាបែបនេះ យើងមិនមើលឃើញទេ យើងរស់នៅសម្រាប់ថ្ងៃនេះ យើងប្រឹងឲ្យអស់ពីលទ្ធភាព សម្រាប់រឿងស្អែក ខ្ញុំអត់ដឹងទេ តែយើងត្រូវតែប្រឹងប្រែងរៀងរាល់ថ្ងៃ»។

 


គួរដឹងដែរថា លោក ស៊ុប៉ាឆៃ វីរៈភូជុង ត្រូវបានប្រកាសតែងតាំងជាផ្លូវការក្នុងនាមប្រធានគណៈកម្មការទ្រទ្រង់សមាគមបាល់ទាត់កងយោធពលខេរមភូមិន្ទ កាលដើមខែមីនា ឆ្នាំ២០២០ លើកិច្ចសន្យា១០ឆ្នាំ ហើយលោកក៏បានឧបត្ថម្ភទឹកប្រាក់៣០ម៉ឺនដុល្លារក្នុងមួយឆ្នាំផងដែរ។

 

 


ដោយឡែក ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជាត្រូវបានផ្អាកជាបណ្ដោះអាសន្នជាងពីរខែមកហើយដើម្បីបង្ការការរីករាលដាលជំងឺ COVID 19 មុនទទួលបានសេចក្ដីប្រកាសនាពេលថ្មីៗពីក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ឲ្យដំណើរការឡើងវិញ តែត្រូវប្រកាន់ខ្ជាប់វិធានការរក្សាអនាម័យខ្ជាប់ខ្ជួន៕


អត្ថបទ និងរូបភាព ៖ សុវណ្ណ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024