ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

អាមេរិក ក្លាយជាអ្នកផ្គត់ផ្គង់បន្លែ និងផ្លែឈើធំជាងគេបង្អស់ របស់វៀតណាម អំឡុងពេលមានវិបត្តិកូវីដ

២៨ ឧសភា ២០២០ | សេដ្ឋកិច្ច

បើតាមសមាគមបន្លែ និងផ្លែឈើវៀតណាម បញ្ជាក់ឲ្យដឹងថា រយៈពេល ៤ខែ ដើមឆ្នាំនេះ សហអាមេរិក បានផ្គត់ផ្គង់បន្លែ និងផ្លែឈើជាង ១០២លានដុល្លារអាមេរិក ដែលមានកំណើន ៤៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។


ដោយឡែក ការនាំចូលទំនិញសរុបរបស់វៀតណាម ក្នុងអំឡុងពេលនេះ សម្រេចបានជាង ៣៧៦លានដុល្លារអាមេរិក ធ្លាក់ចុះ ៤២% ក៏ប៉ុន្តែការនាំចូលមកពីប្រទេសនូវែលសេឡង់ អាមេរិក និងកូរ៉េខាងត្បូង គឺមានការកើនឡើងដូចគ្នា។


បើតាម ម្ចាស់ហាងទំនិញវៀតណាម ដែលជាអ្នកនាំចូលផ្លែឈើអាមេរិក បានអះអាងថា ផ្លែឈើអាមេរិក គឺមានប្រជាប្រិយភាពណាស់ សម្រាប់ប្រជាពលរដ្ឋវៀតណាម ក្នុងនោះ ផ្លែប៉ោម ទំពាំងបាយជូរ និងឈឺរី ជាទំនិញនាំចូលច្រើនជាងគេបំផុត។

 


ទោះយ៉ាងណា វៀតណាម ក៏ជាប្រទេសនាំចូលបន្លែ និងផ្លែឈើ ដ៏ធំមួយដែរ ដោយសម្រេចបានជាង ១ពាន់ ២រយលានដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២០នេះ ដែលមានការធ្លាក់ចុះ ១២%។


គួរជម្រាបផងដែរថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២០នេះ ប្រទេសវៀតណាម នៅតែធ្វើបានល្អ ជាប្រទេសមួយដ៏លេចធ្លោ ខាងមុខជំនួញពាណិជ្ជកម្ម ទោះបីជាជួបវិបត្តិកូវីដក៏ដោយ ហើយ វៀតណាម សម្រេចបាននូវ ការនាំចេញប្រមាណ ៨៣ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩៕


អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024