ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កម្ពុជានាំចេញកង់ទៅអឺរ៉ុប កើនឡើងដល់ ១១៩ លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

២៨ ឧសភា ២០២០ | សេដ្ឋកិច្ច

ប្រភព័ត៌មាន Bike-EU.com បានឲ្យដឹងទៀតថា នៅរយៈពេល ៣ខែ ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកង់ ទៅកាន់ទីផ្សារអឺរ៉ុបប្រមាណជិតកន្លះលានគ្រឿង ដោយមានតម្លៃជាទឹកប្រាក់សរុបជាង ១១៩ លានដុល្លារអាមេរិក។


បច្ចុប្បន្ន ដោយសារតែមានការអនុគ្រោះពន្ធនាំចេញទៅកាន់អឺរ៉ុប អនុញ្ញាតឲ្យកម្ពុជាក្លាយជាឈរក្នុងតំណែងកំពូលជាអ្នកនាំចេញកង់ធំបំផុតទៅកាន់ទីផ្សារមួយនេះ។


ទោះបីជាមានស្ថានភាពមិនច្បាស់លាស់ទាក់ទងនឹងអនាគតនៃការអនុគ្រោះពន្ធនាំចេញទៅអឺរ៉ុបក៏ដោយ តែអ្នកជំនាញក្នុងឧស្សាហកម្មនេះ លើកឡើងថា ការផ្ទុះរាលដាលនៃមេរោគកូវីដ-១៩ នឹងបន្ដមានឥទ្ធពលវិជ្ជមានមកលើឧស្សាហកម្មផលិតកង់របស់កម្ពុជា។

 


លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កាសែតក្នុងស្រុកកាលពីពេលថ្មីៗនេះថា ការនាំចេញកង់ពីកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស នឹងបន្ដកើនឡើងថែមទៀត ដោយសារតែ បញ្ហាចរាចរណ៍ និងតម្រូវការសម្រាប់ការធ្វើលំហាត់ប្រាណដើម្បីសុខភាព ហើយលោកជឿជាក់ថា នៅត្រីមាសទី២នេះ ការនាំចេញកង់របស់កម្ពុជាក៏អាចនឹងបន្ដកើនថែមទៀត។


គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ សហភាពអឺរ៉ុប បានប្រកាសពីការដកផ្នែកខ្លះនៃភាពអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា ដោយក្នុងនោះមានផលិតផលមួយចំនួនដូចជា សម្លៀកបំពាក់ ស្បែកជើងខ្លះ ត្រូវបានគិតពន្ធនាំចូលទៅអឺរ៉ុប ហើយការគិតពន្ធនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១២ សីហាឆ្នាំ២០២០តទៅ។ ប៉ុន្ដែ ក្នុងនោះ សម្រាប់ផលិតផលកង់វិញ គឺមិនបានរងផលប៉ះពាល់ពីការដក EBA ឬគិតពន្ធនាំចូលទៅអឺរ៉ុបនោះទេ។

អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024