ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អភិបាលរាជធានីភ្នំពេញព្រមានចាត់វិធានការ ចំពោះអ្នកផ្តល់ប័ណ្ណចាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ ជាថ្នូរនឹងប្រាក់

៣០ កក្កដា ២០២១ | ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ បានព្រមានថា នឹងចាត់វិធានការធ្ងន់ធ្ងរ ដោយគ្មានការយោគយល់ ចំពោះបុគ្គល ដែលផ្តល់ប័ណ្ណចាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ជាថ្នូរនឹងការយកប្រាក់។ ការព្រមានរបស់អភិបាលរាជធានីភ្នំពេញ បែបនេះ ធ្វើឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីថ្ងៃទី១ ខែសីហាតទៅ។ 

 


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមានថានឹងចាត់វិធានការធ្ងន់ធ្ងរដោយគ្មានការយោគយល់ឡើយ ចំពោះបុគ្គលដែលផ្តល់ប័ណ្ណចាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ជាថ្នូរនឹងការយកប្រាក់។ ការព្រមានរបស់ឯកឧត្តមដូចនេះធ្វើឡើងស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារនិងយុវវ័យ តាមគោលការណ៍ស្ម័គ្រចិត្តនិងឥតគិតថ្លៃ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហាខាងមុខនេះ។

 


ឯកឧត្តម បានបន្ថែមថា ការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ ដែលមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ អាជ្ញាធរខណ្ឌទាំងអស់របស់ត្រូវតែរៀបចំឲ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះទទួលបានជោគជ័យ ហើយអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុតចំពោះការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាតចំពោះការចេញប័ណ្ណជាថ្នូរនៃការយកប្រាក់នោះឡើយ។


ឯកឧត្តម ក៏បានស្នើដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងឲ្យបានម៉ត់ចត់ចំពោះវិធានការការពារជំងឺកូវីដ-១៩ ជាពិសេស វីរុសបម្លែងថ្មី ប្រភេទដែលតា កំពុងវាយលុកនៅពេញពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយបាននឹងកំពុងប្រឈមនឹងវីរុសថ្មីនេះផងដែរ។

 


គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នឹងចាប់ផ្តើមបើកយុទ្ធនាការនៅថ្ងៃទី០១ ខែសីហា ដោយធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញជាអធិបតីភាពប្រកាសបើកយុទ្ធនាការ នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី៕


អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ផ្តល់ដោយរដ្ឋបាលរាជធានីភ្នំពេញ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024