ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញទេសចរណ៍រំពឹងការវិលមកវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីមានការបង្កើតក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន

២៩ កក្កដា ២០២១ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍បានចាត់ទុកការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ជាការសម្រេចមួយដ៏ត្រឹមត្រូវនិងទាន់ពេលវេលាដែលសង្ឃឹមជឿជាក់ថា វិស័យទេសចរណ៍អាចនឹងវិលមករកសភាធម្មតាវិញបានឆាប់។


ឯកឧត្តម តុប សុភ័ក្ត អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ថា សេនារយូដែលជាផែនទីចង្អុលផ្លូវនេះបានបញ្ជាក់ហើយថា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឡើងវិញគឺត្រូវការពេលវេលា បើទោះបីមានការបង្កើតក្រុមការងារក៏ដោយចុះ ប៉ុន្តែយ៉ាងណាការបង្កើតក្រុមការងារនេះក៏ជាក្តីសង្ឃឹមមួយដែរសម្រាប់វិស័យទេចរណ៍។

 

ឯកឧត្តមអ្នកនាំពាក្យក្រសួងទេសចរណ៍បានគូសបញ្ជាក់ទៀតថា វិស័យទេសចរណ៍អាចងើបឡើងវិញលឿនភ្លាមៗទៅបាន ទាល់តែវិបត្តិកូវីដ ១៩ ត្រូវបានធូស្រាល ខណៈចំនួនអ្នកឆ្លងជំងឺត្រូវបានកាត់បន្ថយមកចំនួនតិចបំផុត និងចំនួនប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងក៏បានគ្របដណ្តប់តាមគោលដៅទូទាំងប្រទេស។

 


បើតាមឯកឧត្តម តុប សុភ័ក្ត បច្ចុប្បន្នវិស័យទេសចរណ៍ស្ថិតនៅក្នុងដំណាក់កាលជួបនឹងវិបត្តិធ្ងន់ធ្ងរនៅឡើយដែរ ហើយថាវិបត្តិនេះមិនមានតែនៅកម្ពុជានោះដែរ ព្រោះប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងវិបត្តិ ជំងឺកូវីដ ១៩ ដូចគ្នា។

 


សូមជម្រាបថា កាលពីថ្ងៃទី២៨ កក្កដា នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ដោយក្នុងនោះត្រូវបានចាត់តាំង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានដឹកនាំក្រុមការងារនេះ៕

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024