ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ពាក់កណ្តាលឆ្នាំ ២០២១ ថៃ ទទួលក្រុមហ៊ុនថ្មីជាង ៤ម៉ឺនស្ថាប័ន កើនឡើង ២៣%

២៩ កក្កដា ២០២១ | សេដ្ឋកិច្ច

នៅក្នុងឆមាសទី ១ ឆ្នាំ ២០២១នេះ ប្រទេសថៃ ទទួលបាននូវ ក្រុមហ៊ុនអាជីវកម្មបង្កើតថ្មីជាង ៤ម៉ឺនកន្លែង ដែលមានការកើនឡើង ២៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃនេះ។ធនាគារកណ្តាលថៃ បានលើកឡើងថា វិស័យដែលលេចធ្លោជាងគេ ក្នុងការទាក់ទាញ វិនិយោគិន នៅក្នុងឆ្នាំនេះគឺ វិស័យសំណង់ អចលនទ្រព្យ និងដឹកជញ្ជូន។ 

 


នៅក្នុងចំណោមក្រុមហ៊ុនថ្មីៗទាំងអស់នោះ គឺមានជាង ៣ម៉ឺនស្ថាប័ន បោះទុនវិនិយោគទាបជាង ៣ម៉ឺនដុល្លារអាមេរិក ហើយក្រុមហ៊ុនជិត ៩ពាន់ស្ថាប័នបោះទុនចន្លោះពី ៣ម៉ឺន ដល់ ១៥ម៉ឺនដុល្លារ, ក្រុមហ៊ុន ប្រមាណ ៦០០ស្ថាប័នបោះទុនចន្លោះ ១៥ម៉ឺនដុល្លារ ដល់ ៣លានដុល្លារអាមេរិក និងចុងក្រោយមាន ៧៤ក្រុមហ៊ុន ដែលបានបោះទុនលើសពី ៣លានដុល្លារអាមេរិក។


ការកើនឡើងនូវ ចំនួនក្រុមហ៊ុនថ្មីនេះ អាចបណ្តាលមកពីកត្តានាំចេញទំនិញកើនឡើង សេដ្ឋកិច្ចសកលលោកកាន់តែប្រសើរឡើង និងវិធានការដាក់ចេញនូវកញ្ចប់ជំនួយរបស់រាជរដ្ឋាភិបាលថៃ។លើសពីនេះ ចំនួនក្រុមហ៊ុនដែលបានបិទអាជីវកម្ម គឺមានជិត ៥ពាន់ក្រុមហ៊ុន ធ្លាក់ចុះ ២១% ទាបជាងឆ្នាំមុន។


ទោះយ៉ាងណាក៏ដោយ ក្រៅពីការបង្កើតក្រុមហ៊ុនថ្មី នាយកដ្ឋានការងារឧស្សាហកម្មថៃ បានធ្លាប់អះអាងថា ការផ្ទុះឡើងនូវករណីឆ្លងមេរោគក្នុងប្រទេសថៃ នាពេលនេះ បានជះឥទ្ធិពលដល់ ការចុះបញ្ជីរបស់ក្រុមហ៊ុនថ្មីៗ និងការពង្រីកផលិតកម្មថែមទៀតផង នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១នេះ។


លោក សូរិយា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ បានមានប្រសាសន៍ថា អាជីវកម្មជាច្រើន បានពន្យារពេលបោះទុនវិនិយោគគម្រោងថ្មីៗ ឬក៏ពង្រីកគម្រោងរោងចក្ររបស់ពួកគេ តាំងពីឆ្នាំមុនមកម្ល៉េះ នៅពេលដែលប្រទេសថៃ ត្រូវរងផលប៉ះពាល់ដោយ ករណីឆ្លងមេរោគកូវីដ១៩។

 

ជាចុងក្រោយ នាយកដ្ឋានការងារឧស្សាហកម្មថៃ សង្ឃឹមថា ផែនការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ រាជរដ្ឋាភិបាលថៃ នឹងជួយស្រោងស្រង់ចំណាប់អារម្មណ៍របស់វិនិយោគិនឡើងវិញ នៅក្នុងឆ្នាំនេះ ខណៈ សន្ទស្សន៍ទំនុកចិត្តអាជីវកម្មរបស់ ធនាគារកណ្តាលថៃ ឈរនៅត្រឹមពិន្ទុ ៤៦ ក្នុងខែមិថុនានេះ៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024