ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សាច់រឿងត្រូវនឹងព្រឹត្តិការណ៍សង្គមពេក ហ៊ុយ យ៉ាឡេង ប្រកាសសុំយោបល់ និងរកអ្នកគាំទ្រដើម្បីផលិតរឿង «ប្តីខ្ញុំងារឧកញ៉ា»

២៩ កក្កដា ២០២១ | កម្សាន្ដ

បន្ទាប់ពីស្ងប់ស្ងាត់គ្មានស្នាដៃថ្មីៗបញ្ចេញលើទីផ្សារដោយសាបញ្ហាកូវីដ១៩នៅកម្ពុជា ពេលនេះ ផលិតករភាពយន្តរឿង «ដើម្បីកូន» លោក ហ៊ុយ យ៉ាឡេង ចេញមុខប្រកាសសុំយោបល់ និងស្វែងរកអ្នកគាំទ្រ ដើម្បីលោកផលិតរឿងថ្មីមួយ មានចំណងជើង «ប្តីខ្ញុំងារឧកញ៉ា»។

 


លើបណ្តាញសង្គមកាលពីល្ងាចម្សិលមិញនេះ គេឃើញផលិតករភាពយន្តខ្មែរឆ្នើមម្នាក់គឺលោក ហ៊ុយ យ៉ាឡេង ដោយលោកបានបង្ហាះរូបមួយសន្លឹក និងភ្ជាប់ដោយខ្លឹមសារអត្ថន័យនៃការដង្ហើយសុំយោបល់ និងការគាំទ្រពីអ្នកគាំទ្រ ដើម្បីសម្រេចចិត្តផលិតភាពយន្តថ្មីមួយចំណងជើងថា «ប្តីខ្ញុំងារឧកញ៉ា»។
ផលិតកររូបនេះលើកឡើងថា៖ «សុំយោបល់បងប្អូនមួយ បើខ្ញុំផលិតភាពយន្តដែលមានចំណងជើងថា៖ ប្តីខ្ញុំងារឧកញ៉ា តើបងប្អូនគាំទ្រទេ បើមានអ្នកគាំទ្រច្រើនបានធ្វើ»។

 


លោកបានលម្អិតបន្ថែមថា៖ «ភាពយន្តនេះនឹងលាតត្រដាងឡើង នៅរោងភាពយន្ត លុះត្រាតែមានការគាំទ្រពីបងប្អូនអោយផលិត ទើបយើងខ្ញុំបាទផលិត ព្រោះភាពយន្តនេះយកតាមលំនាំរឿងពិតក្នុងសង្គម និយាយពីជីវិតប្តីប្រពន្ធ១គូដែលខំតស៊ូស្រឡាញ់គ្នាតាំងពីនៅក្ររហូតដល់ក្លាយជាអ្នកមាន ហើយនៅពេលដែលប្តីក្លាយទៅជាឧកញ៉ា ជីវិតគ្រួសារក៏ចាប់ផ្តើមក្រឡាប់ចាក់ តើមកពីមូលហេតុអ្វី មានរឿងអ្វីខ្លះ»។

 


គេឃើញអ្នកគាំទ្រលោកជាច្រើនបង្ហាញការគាំទ្រលើអ្វីដែលលោកបានលើកឡើង បន្ថែមពីនោះសូម្បីទំព័រហ្វេសប៊ុកផ្លូវការរបស់រោងភាពយន្ត Major Cineplex Cambodia ក៏ចូលរួួមផ្សាយដំណឹងនេះតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដើម្បីជាជំនួយដល់ផលិតកររូបនេះផងដែរ។យ៉ាងណាមិញ គេនៅមិនទាន់ទទួលដំណឹងថា លោក ហ៊ុយ យ៉ាឡេង នឹងសម្រេចថតរឿងនេះ ឬយ៉ាងណានោះទេ? ហើយហេតុអ្វីទើបលោកចង់ផលិតរឿងដែលផ្អែកលើរឿងពិតបែបនេះនោះទេ?

 


គួររំលឹកថា លោក ហ៊ុយ យ៉ាឡេង ជាផលិតករភាពយន្តខ្មែរឆ្នើមម្នាក់ក្នុងចំណោមផលិតករក្នុងស្រុកផ្សេងទៀត។ រឿងខ្មែររបស់លោកដែលផ្ទុះ និងមានការគាំទ្រខ្លាំងគឺពីមហាជនមានដូចជា «វិកលចរិក» «ធ្មប់» «ទារុណកម្មខ្មោច» និងចុងក្រោយបំផុតគឺរឿង «ដើម្បីកូន» ដែលរឿងនេះធ្វើឲ្យអ្នកមើលស្រក់ទឹកភ្នែកពេញរោងភាពយន្តកាលពេលកន្លងទៅ។ ក្រៅពីរឿងទាំងនេះ ក៏នៅមានរឿងជាច្រើនផ្សេងទៀតដែលលោកផលិតហើយទទួលបានការគាំទ្រពីទស្សនិកជនដូចគ្នាដែរ៕

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024