ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅប្រទេសទួគីបានរាលដាលដល់តំបន់ពលរដ្ឋរស់នៅ

២៩ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

 

នៅប្រទេសទួគី (Turkey) គ្រោះថ្នាក់ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅទីក្រុងរីសត Antalya (អាន់តាល់យ៉ា) បានរាលដាលទៅដល់តំបន់ពលរដ្ឋរស់នៅ ហើយនិងទីក្រុង Manavgat (ម៉ាណាវហ្គាត)។ យោងអាជ្ញាធរទួគីនិងសារព័ត៌មានក្នុងតំបន់។ ជាមួយគ្នា ក្រុមពន្លត់អគ្គីភ័យ បំពេញការងារយ៉ាងប្រញ៉ាប់ប្រញ៉ាល់ដើម្បីពន្លត់ភ្លើងព្រៃ ប៉ុន្តែអំឡុងពេលប្រតិបត្តិការអ្វីជាឧបសគ្គគឺបញ្ហាខ្យល់ខ្លាំង។

 

 

 

 

 

 

 

តាមរូបភាពដែលថតបាននៅថ្ងៃពុធ(២៨កក្កដា) បង្ហាញអោយឃើញពី ផ្សែងខ្មៅខ្មួលខ្មាញ់ចេញពីព្រៃនៅទីក្រុងManavgat (ម៉ាណាវហ្គាត)។ ស្របគ្នាអភិបាលទីក្រុងនេះលើកឡើងថា ភ្លើងព្រៃឆាបឆេះរាលដាលរហូតដល់តំបន់ប្រជុំជនកណ្តាលទីក្រុងManavgat (ម៉ាណាវហ្គាត) ។ ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងអាគារជាច្រើនត្រូវជម្លៀសទៅរកទីកន្លែងមានសុវត្ថិភាព។ 

 

ដងផ្លូវនានាត្រូវហ៊ុំព័ទ្ធទៅដោយផ្សែង និងភ្លើង ស្របពេលដែលពលរដ្ឋនាំគ្នារត់រកសំដៅទៅរករថយន្តរបស់ពួកគេ។

 

 

 

 

 

 

 

 

 

 

ចំណែកអភិបាលទីក្រុងរីសត Antalya (អាន់តាល់យ៉ា) បានលើកឡើងថា ភ្លើងឆេះព្រៃក្នុងស្ថានភាពយ៉ាងដូច្នេះ មិនធ្លាប់បានកើតមានឡើងពីមុនមកឡើយ។ អភិបាលរូបនេះបន្តអោយដឹងថា ភ្លើងព្រៃចាប់ផ្តើមឡើងនៅទីតាំង៤កន្លែង។

 

 

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប្រទេសទួគី អោយដឹងថា អាជ្ញាធររួមគ្នាពន្លត់ភ្លើងព្រៃ ដោយប្រើប្រាស់យន្តហោះ២គ្រឿង ឧទ្ធម្ភាចក្រ៨គ្រឿង និងរថយន្ត៥២គ្រឿង ។ ជាមួយគ្នាក្រុមសង្គ្រោះពិសេសនៅខេត្តក្បែរៗខេត្តគ្រោះថ្នាក់ ក៏បានមកជួយក្នុងប្រតិបត្តិការសង្គ្រោះភ្លើងឆេះព្រៃនេះផងដែរ។

 

 

 

 

 

 

 

យ៉ាងណាក៏ដោយ មកដល់ពេលនេះ អាជ្ញាធរនៃប្រទេសទួគី នៅមិនទាន់អាចប្រាប់បាននៅឡើយទេថាតើអ្វីទៅជាមូលហេតុដែលបណ្តាលអោយកើតមានគ្រោះថ្នាក់ភ្លើងឆេះព្រៃ។ ទីក្រុងរីសត Antalya (អាន់តាល់យ៉ា)  ជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយនារដូវក្តៅសម្រាប់អ្នកទេសចរណ៍ជាជនបរទេស និងអ្នកទេសចរណ៍ក្នុងស្រុក ហើយក៏ជាតំបន់មានអាកាសធាតុក្តៅផងដែរនារដូវក្តៅ។

 

 

ចំពោះគ្រោះថ្នាក់ មនុស្សស្លាប់ ឬរបួស នៅមិនទាន់មានរបាយការណ៍នៅឡើយ។ កម្រិតនៃការខូចខាតទ្រព្យសម្បត្តិ និងទំហំផ្ទៃដីព្រៃឈើដែលត្រូវភ្លើងឆេះក៏នៅមិនទាន់បានដឹងនៅឡើយដែរ។

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024