ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

សហព័ន្ធគុនដាវ គ្រោងប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញ នៅដើមខែមិថុនា

២៧ ឧសភា ២០២០ | កីឡា

ក្រោយទទួលបានភ្លើងបៃតងពីអន្តរក្រសួងដែលមានក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា ស្ដីពីការប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញក្នុងចំណោមអត្តពលិកជម្រើសជាតិ និងនៅតាមសហព័ន្ធនានា សហព័ន្ធកីឡាគុនដាវកម្ពុជាឯណេះក៏បានបង្ហើបពីគម្រោងជួបជុំគ្នាជាថ្មី។

លោក សាន សុខសីហា គ្រូបង្វឹកក្រុមជម្រើសជាតិគុនដាវកម្ពុជា បញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា សហព័ន្ធគ្រោងកោះហៅកីឡាករ កីឡាការិនីចូលហ្វឹកហាត់វិញនៅថ្ងៃទី០១ ខែមិថុនា ខាងមុខ ដោយប្រកាន់ខ្ជាប់នូវវិធានការពីអន្តរក្រសួងដើម្បីការពារការឆ្លងជំងឺកូវីដ១៩ និងរលកទីពីរ។

 


«ក្រោយប្រជុំថ្ងៃហ្នឹង យើងនឹងប្រជុំគ្នាបន្ថែម ហើយនឹងពិភាក្សាជាមួយអាណាព្យាបាលកីឡាករ កីឡាការិនី ដើម្បីសុំកូនៗពួកគាត់មកវិញ ដែលគម្រោងគឺអាចនៅថ្ងៃទី០១ ខែមិថុនា។ សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់នេះគឺយើងគ្រោងធ្វើឡើងតាំងពីមុនប្រកាសទៅទៀត ហើយយើងនឹងរៀបចំការការពារខ្ពស់។ ទីមួយកីឡាករកីឡាការិនីដែលយើងគ្រោងឲ្យចូលហាត់វិញហ្នឹងមានបាញ់អាល់កុលលាងដៃ វាស់កម្ដៅ និងរក្សាគម្លាតពីគ្នា»។


ក្រលេកទៅមើលផែនការហ្វឹកហាត់អំឡុងផ្អាកសកម្មភាពជួបជុំ សហព័ន្ធគុនដាវបានរៀបចំឲ្យកូនក្រុមអនុវត្តលំហាត់តាមគេហដ្ឋានរៀងៗខ្លួន និងតាមដានដំណើរការតាមរយៈវីដេអូ។

 


«តាំងពីផ្ទុះជំងឺមក យើងនៅតែបន្តការហ្វឹកហាត់តែលក្ខណៈនៅតាមផ្ទះ មួយថ្ងៃ៣ម៉ោង និងតាមដានតាមវីដេអូអនឡាញ។ ការហាត់នៅតាមផ្ទះរៀងៗខ្លួនពិបាកមែនទែន គ្រាន់តែឲ្យរក្សាបានកាយសម្បទា និងមូលដ្ឋានគ្រឹះ មិនដូចហាត់ជុំគ្នាផ្ទាល់ទេ អ៊ីចឹងយើងគិតថា ពេលចូលហាត់វិញ ត្រូវចំណាយពេលមួយខែទៅពីរខែដើម្បីដូចដើម»។

 


គួរដឹងដែរថា សកម្មភាពប្រមូលផ្ដុំហ្វឹកហាត់ និងប្រកួតរបស់សហព័ន្ធកីឡាទាំងអស់នៅកម្ពុជាត្រូវបានក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាកតាំងពីអំឡុងខែមីនា កន្លងទៅ បន្ទាប់ពីមានការរីករាលដាលជំងឺកូវី១៩។ ដោយឡែក ក្រសួងទាំងពីរបានអនុញ្ញាតឲ្យមានការប្រមូលផ្ដុំជាថ្មីសម្រាប់អត្តពលិកទាំងក្រុមធំ និងថ្នាល ព្រមទាំងការប្រកួតនានា តែត្រូវអនុលោមតាមវិធានការអនាម័យយ៉ាងម៉ឺងម៉ាត់៕


អត្ថបទ និងរូបភាព ៖ សុវណ្ណ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024