ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

IMF៖ កំណើនសេដ្ឋកិច្ចសកលលោក នឹងសម្រេចបាន ៦% ក្នុងឆ្នាំ ២០២១

២៨ កក្កដា ២០២១ | សេដ្ឋកិច្ច

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF ព្យាករណ៍ នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយបំផុត ឲ្យបានដឹងថា សេដ្ឋកិច្ចរបស់សកលលោក នៅក្នុងឆ្នាំ ២០២១នេះ នឹងកើនឡើងមកវិញដល់ ៦% បន្ទាប់ពីបានធ្លាក់ចុះ ៣,៥% កាលពីឆ្នាំ ២០២០កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។


លោកស្រី ជីតា ហ្គោ ភីណាត ប្រធានសេដ្ឋកិច្ចវិទូនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានគូសបញ្ជាក់ថា ភាពប្រសើរឡើងនៃសេដ្ឋកិច្ចសកលលោក នឹងបន្តទៅមុខ ប៉ុន្តែគម្លាតនៃភាពលូតលាស់រវាង បណ្តាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ កាន់តែរីកធំឡើង។


យោងតាមរបាយការណ៍ចុងក្រោយបំផុតនេះ អង្គការ IMF បានតម្លើងការព្យាករណ៍របស់ បណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន ចំនួន ០,៥% ថាអាចនឹងមានកំណើន ៥,៦% តែចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ គឺត្រូវបានព្យាករណ៍ទម្លាក់អស់ ០,៤% មកនៅត្រឹម ៦,៣% ក្នុងឆ្នាំនេះ។


លោកស្រី ជីតា បន្ថែមថា ប្រជាពលរដ្ឋ សឹងតែ ៤០% នៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ តែចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ គឺមានប្រជាពលរដ្ឋតែ ១១% ដែលបានទទួលវ៉ាក់សាំង ហើយចំពោះប្រទេសដែលមានប្រាក់ចំណូលកម្រិតទាបវិញ ចំនួនពលរដ្ឋដែលទទួលបានវ៉ាក់សាំង គឺមានតែមួយភាគតូចប៉ុណ្ណោះ។


លោកស្រី ពន្យល់ថា អត្រានៃការចាក់វ៉ាក់សាំងលឿនជាការរំពឹងទុកនេះហើយ ដែលជម្រុញឲ្យមាន កំណើនសេដ្ឋកិច្ច ក៏ប៉ុន្តែការណ៍ដែលមិនបានទទួលវ៉ាក់សាំង គួបផ្សំនឹងការផ្ទុះឡើងវិញជាថ្មីនូវ មេរោគកូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសមួយចំនួន បានធ្លាក់ចុះមកវិញ ជាក់ស្តែងគឺ ប្រទេសឥណ្ឌា។

 


ជាចុងក្រោយ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានបញ្ជាក់ថា អ្វីដែលចំបង និងសំខាន់បំផុតនៅពេលនេះ គឺត្រូវធានាថា វ៉ាក់សាំងដែលនៅសេសសល់ពី បណ្តាប្រទេសដែលមានវ៉ាក់សាំងលើសលុបនោះ ត្រូវបានបញ្ជូនទៅកាន់បណ្តាប្រទេសដែលកំពុងខ្វះខាតខ្លាំង នាពេលនេះ៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024