ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ប្រាក់ចំណូលរបស់ក្រុមហ៊ុនមេ GOOGLE កើនឡើង ៧០% ក្នុងត្រីមាសទី ២

២៨ កក្កដា ២០២១ | សេដ្ឋកិច្ច

ប្រាក់ចំណូលរបស់ក្រុមហ៊ុនមេ GOOGLE សម្រេចបានជាង ៥០ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី ២ ដែលមានកំណើន ៧០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយការកើនឡើងនេះ គឺដោយសារតែ ការចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ គេហទំព័រ GOOGLE បានបង្ហាញអំពី ការកើនឡើងនូវប្រាក់ចំណូល នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១នេះ ដោយសារតែអ្នកប្រើប្រាស់ជាច្រើន បានបង្កើនការចំណាយទៅលើការផ្សព្វផ្សាយនៅលើ ពាណិជ្ជកម្មរបស់ពួកគេ ដើម្បីទាក់ទាញអតិថិជនជាច្រើន ដែលកំពុងពេញនិយមនឹងការបញ្ជាទិញតាមប្រព័ន្ធអនឡាញ។


ការកើនឡើងនូវប្រាក់ចំណូលរបស់ក្រុមហ៊ុនមេ GOOGLE គឺលើសពីការំពឹងទុក ដែលធ្វើឲ្យភាគហ៊ុនរបស់ពួកគេកើនឡើង ៣,៣% ហើយចំពោះភាគហ៊ុនរបស់ក្រុមហ៊ុន FACEBOOK ដែលជាដៃគូប្រកួតប្រជែងនោះ គឺមានកំណើន ១,៣% ផងដែរ។


ខណៈដែលអ្នកប្រើប្រាស់ជាច្រើន ចំណាយពេលវេលាកាន់តែច្រើនជាមួយនៅលើប្រព័ន្ធអនឡាញ អំឡុងពេលកូវីដ១៩នេះ អ្នកលក់ទំនិញរាយ និងបោះដុំ ព្យាយាមផ្សព្វផ្សាយអោយបានទៅដល់ពួកគេ តាមរយៈប្រព័ន្ធស្វែងរករបស់ GOOGLE និងនៅលើវីដេអូ YOUTUBE ជាដើម។


បើតាមប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន GOOGLE បានលើកឡើងថា ម៉ាកសញ្ញាលក់រាយ គឺជាកត្តាជម្រុញខ្លាំងជាងគេដល់ កំណើននៃការផ្សព្វផ្សាយពាណិជ្ជកម្ម ហើយក្រៅពីនោះ រួមមាន ការធ្វើដំណើរកម្សាន្ត, សេវាកម្មហិរញ្ញវត្ថុ និងវិស័យប្រព័ន្ធផ្សព្វផ្សាយនិងកម្សាន្ត ក៏មានភាពខ្លាំងផងដែរ។


ចំពោះប្រាក់ចំណូលជារួមរបស់ក្រុមហ៊ុនមេ GOOGLE កើនឡើង ៦១% ពោលគឺសម្រេចបានជិត ៦២ពាន់លានដុល្លារអាមេរិក ដោយប្រាក់ចំណេញប្រចាំត្រីមាសគឺ ១៨ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ២៧ដុល្លារ ក្នុងមួយភាគហ៊ុន៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024