ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

Pink គាំទ្រឲ្យក្រុមបាល់ទះឆ្នេរខ្សាច់នារីឈប់ស្លៀកខោប៊ីគីនីជាឯកសណ្ឋាន

២៨ កក្កដា ២០២១ | កម្សាន្ដ

តារាចម្រៀងអាមេរិក Pink បានចេញមុខបង្ហាញការគាំទ្រដល់ក្រុមបាល់ទះឆ្នេរខ្សាច់នារីមួយក្រុមដែលរងការពិន័យដោយសារតែពួកគេស្លៀកខោខ្លីជំនួសឲ្យខោប៊ីគីនីក្នុងការប្រកួតមួយ។

 


តាមរយៈសារបង្ហោះលើបណ្ដាញ  Twitter តារាចម្រៀង Pink ម្ចាស់បទ "What About Us" បាននិយាយថារូបនាងមានមោទនភាពចំពោះក្រុមបាល់ទះឆ្នេរខ្សាច់នារីតំណាងប្រទេសន័រវេស ដែលបានតវ៉ានឹងច្បាប់ឯកសណ្ឋានបែបសិចស៊ី ហើយរូបនាងរីករាយនឹងបង់ប្រាក់ពិន័យជំនួសមុខឲ្យក្រុមបាល់ទះខាងលើថែមទៀតផង។

 

 

ក្រុមបាល់ទះឆ្នេរខ្សាច់នារីតំណាងប្រទេសន័រវេសបានរងការពិន័យជាទឹកប្រាក់ ១៥០០អឺរ៉ូ ស្មើប្រមាណ ១៧៦០ដុល្លារ ដោយសារតែបានស្លៀកខោខ្លី ជំនួសខោប៊ីគីនីនៅក្នុងការប្រកួតពានរង្វាន់អឺរ៉ុបនៅឯប្រទេសប៊ុលហ្គារីកាលពីសប្ដាហ៍កន្លងទៅ។

 

 

ការពិន័យនេះទទួលបានការរិះគន់ពីសំណាក់សហព័ន្ធកីឡាបាល់ទះឆ្នេរខ្សាច់ប្រទេសន័រវេស ខណៈដែលរដ្ឋមន្ត្រីកីឡារបស់ប្រទេសនេះបាននិយាយថាវាជារឿងគួរឲ្យអស់សំណើចបំផុត ហើយបានបន្ថែមថាច្បាប់នេះគួរតែកែប្រែហើយ។ 

 


គួរបញ្ជាក់ថា ច្បាប់ឯកសណ្ឋាននាពេលបច្ចុប្បន្នសម្រាប់កីឡាបាល់ទះឆ្នេរខ្សាច់គឺកំណត់ឲ្យនារីៗត្រូវប្រើឯកសណ្ឋានអាវកាក់ជាមួយនឹងខោប៊ីគីនី ខណៈដែលបុរសៗមានឯកសណ្ឋានជាអាវដៃខ្លី ជាមួយនឹងខោខ្លី៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024