ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សហគ្រាសផលិតក្នុងស្រុក បង្ហាញពីការតាំងចិត្តជំនះជាមួយឧបសគ្គកូវីដ បន្តធ្វើអាជីវកម្ម ជម្រុញដល់កំណើនសេដ្ឋកិច្ច

២៧ កក្កដា ២០២១ | សេដ្ឋកិច្ច

ការបន្តរីករាលដាលនៃជម្ងឺកូវីដ១៩ បានធ្វើឲ្យអាជីវកម្មក្នុងស្រុក ជួបបញ្ហាប្រឈមទាំងហិរញ្ញវត្ថុ និងប្រាក់ចំណូល ប៉ុន្តែយ៉ាងណាការគំរាមកំហែងនៃជម្ងឺនេះ មិនបានធ្វើឲ្យអាជីវកម្មផលិតក្នុងស្រុកបាក់ទឹកចិត្ត ឬបោះបង់របររកស៊ីរបស់ខ្លួននោះដែរ។

 


លោកជំទាវឧកញ៉ា កែវ មុំ ម្ចាស់សហគ្រាសផលិតនំស្រួយលីលីបានគូសបញ្ជាក់ប្រាប់ភីអិនអិន នៅថ្ងៃនេះថា បើទោះបីជាកម្ពុជាយើងប្រឈមបញ្ហាជំងឺកូវីដ ១៩ ក្តី ក៏ដំណើរការអាជីវកម្មផលិតនំលោកស្រីនៅតែអាចបន្តដំណើរការជានាធម្មតា ដោយការបញ្ជារទិញក្នុងស្រុក និងក្រៅស្រុកនៅតែមានការបញ្ជារទិញជាបន្តបន្ទាប់។

 


លោកជំទាវឧកញ៉ាកែវ មុំបានឲ្យដឹងទៀតថា ចាប់តាំងពីមានវិធានការបើកឲ្យដំណើរការឡើងវិញរវាងខេត្តនិងក្រុងមកដំណើរការផលិត រួមទាំងដំណើរការដឹកជញ្ជូនទំនិញនំស្រួយលីលីមានភាពងាយស្រួល និងបានបញ្ជូនទំនិញទៅតាមគោលដៅច្រើនជាងមុន ដោយពុំមានឧបសគ្គច្រើននោះឡើយ ចំណែកឯកដំណើរការផលិតគឺត្រូវបានដំណើរការជាឡើងវិញជាធម្មតា បើទោះបីជាការឆ្លងជំងឺកូវីដ ១៩ មិនទាន់ធូស្រាលក៏ដោយចុះក៏សហគ្រាសផលិតនំស្រួយលីលីនៅតែជំនះតតាំងផលិតផ្គត់ផ្គង់តបតាមតម្រូវការទីផ្សារ។

 


លោកជំទាវបានក្រើនរំលឹកថា ដើម្បីឲ្យអាជីវកម្មផលិតក្នុងស្រុកនេះរក្សាស្ថិរភាពការផលិតបានទាល់តែមានការចូលរួមទាំងអស់គ្នាពិសេសគឺប្រជាពលរដ្ឋត្រូវតែចូលរួមទប់ស្កាត់ ដោយត្រូវតែប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ដោយកុំធ្វេសប្រហែស ឬមើលងាយជំងឺនេះឲ្យសោះ ព្រោះបើមិនប្រកាន់ភ្ជាប់ការការពារដូច្នេះទេ ជំងឺនេះនៅតែបង្កជាឧបសគ្គដដែល។

 


យ៉ាងណាសហគ្រាសផលិតក្នុងស្រុកត្អូញត្អែពីការបាត់បង់ចំណូល និងនៅតែបារម្ភអំពីការធ្លាក់ចុះនៃចំណូលនេះបន្ថែមតទៅមុខទៀត ប្រសិនបើការរីករាលដាលជំងឺកូវីដ ១៩ នៅបន្តអូសបន្លាយ និងមិនទាន់គ្រប់គ្រងបានឲ្យមានលំនឹងនោះ៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024