ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការសាងសង់ពង្រីកផ្លូវជាតិលេខ៥ សម្រេចបាន ៧០,០៥ភាគរយហើយ រហូតដល់ខែឧសភា ២០២០នេះ

២៧ ឧសភា ២០២០ | ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកផ្លូវ ជាតិលេខ៥ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០នេះ ក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ ថាតើស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា? ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ។

 

 
គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ ៥នេះ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៦ មីនា ២០១៨។ ការស្ថាបនាមានរយៈពេល ៣៦ខែ គិតត្រឹមខែឧសភា ឆ្នាំ ២០២០ សម្រេចបាន ៧០,០៥ភាគរយហើយ។ ការស្ថាបនានេះ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា JICA ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក ហើយការស្ថាបនាត្រូវបានបែងចែកជា 3ផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។

 


ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា ផ្លូវនេះនឹងជួយឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនទំនិញទៅកាន់គោលដៅបានឆាប់រហ័ស ចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ពិសេសអាចទាក់ទាញអ្នកវិនិយោគបង្កើតការងារឲ្យប្រជាពលរដ្ឋធ្វើ បង្កើនប្រាក់ចំណូលគ្រួសារ និងជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែមានភាពរីកចម្រើន៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024