ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ទីផ្សារផលិតផលទារកនៅប្រទេសចិន ចាប់ផ្តើមរីកលូតលាស់ បន្ទាប់ពីការកែប្រែគោលនយោបាយថ្មី

២៦ កក្កដា ២០២១ | សេដ្ឋកិច្ច

ទីផ្សារផលិតផលទារកនៅប្រទេសចិន ចាប់ផ្តើមរីកលូតលាស់ ជាបន្តបន្ទាប់ ក្រោយពេលដែល រដ្ឋាភិបាលចិន កែប្រែគោលនយោបាយថ្មី ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់ខ្លួន អាចមានកូនដល់ទៅ ៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CCTV។

 

កាលពីឆ្នាំ ២០១៦ រដ្ឋាភិបាលចិន បានសម្រេចបញ្ចប់គោលនយោបាយកូន ១ ដោយអនុញ្ញាតឲ្យ គូស្វាមី-ភរិយា អាចមានកូន ២នាក់ ហើយចាប់ផ្តើមពីខែមិថុនានេះតទៅ ពួកគេ គឺអាចមានកូនបានដល់ទៅ ៣នាក់។ការផ្លាស់ប្តូរនូវ គោលនយោបាយថ្មីនេះ បានជម្រុញឲ្យ ទីផ្សារផលិតផលទារក និងកុមារ មានកំណើនជាបន្តបន្ទាប់ ដែលមិនអាចប៉ាន់ស្មានបាន។


ប្រធានសេដ្ឋកិច្ចវិទូនៃធនាគារ ហាង សេង បានលើកឡើងថា ប្រជាពលរដ្ឋចិន មានឆន្ទៈក្នុងការចំណាយទៅលើ ផលិតផលដែលមានគុណភាព និងសេវាកម្មល្អ សម្រាប់កូនរបស់ពួកគេ ដូច្នេះ នឹងមានកំណើនតម្រូវការផលិតផលកុមារ ដូចជា ប្រដាប់ប្រដាក្មេងលេង, ទឹកដោះគោ និងថ្នាំជាដើម។


អ្នកវិភាគបានលើកឡើងថា នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ចំនួនទារកកើតថ្មី ក្នុងប្រទេសចិន ពុំមានកំណើននោះទេ តែការលក់ផលិតផលទារក និងកុមារ បានកើនឡើងគួរឲ្យកត់សម្គាល់ ដែលសបញ្ជាក់ពីការផ្លាស់ប្តូរឥរិយាបទរបស់អ្នកប្រើប្រាស់។


ជាចុងក្រោយ ក្រុមអ្នកវិភាគ ក៏បានពន្យល់ដែរថា ចំពោះគូស្វាមី-ភរិយា ដែលមានគម្រោងផែនការយកកូន ២ ឬ ៣នាក់ ភាគច្រើន បានរៀបចំផែនការចំណាយរួចជាស្រេចសម្រាប់គ្រួសារទាំងមូល មិនមែនសម្រាប់តែកូនតែម្នាក់ ដូចមុនទៀតឡើយ។

 


គួរជម្រាបដែរថា រដ្ឋាភិបាលចិន ក៏បានប្រកាសនូវ វិធានការគាំទ្រក្នុងការកាត់បន្ថយចំណាយថ្លៃអប់រំ និងស្នាក់នៅ ដើម្បីជួយសម្រាលបន្ទុកដល់គ្រួសារដែលត្រូវចិញ្ចឹមបីបាច់កូន ហើយគោលនយោបាយថ្មីនេះ នឹងមានឥទ្ធិពលរយៈពេលវែង ដល់ទម្រង់ប្រជាសាស្រ្ត និងម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសចិន៕


 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024