ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ទោះផ្ទុះកូវីដខ្លាំង ថៃ សម្រេចកំណើននាំចេញ ៤៣% ក្នុងខែមិថុនា

២៦ កក្កដា ២០២១ | សេដ្ឋកិច្ច

ទោះបីជាករណីមេរោគឆ្លងកូវីដ១៩ កាន់តែផ្ទុះខ្លាំងឡើងៗ ក្នុងប្រទេសថៃក៏ដោយ ការនាំចេញទំនិញរបស់ប្រទេសថៃ នៅក្នុងខែមិថុនាកន្លងទៅនេះ សម្រេចបានជាង ២៣ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៤៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។


រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ការនាំចេញទំនិញរបស់ថៃ សម្រេចបានជាង ២៣ពាន់ ៧រយលានដុល្លារអាមេរិក ដែលមានកំណើន ៤៣% ខ្ពស់បំផុតក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះ។


ការនាំចេញទំនិញគ្រប់វិស័យ ដោយមិនរាប់បញ្ចូលមាស, ផលិតផលទាក់ទងនឹងប្រេង និងសព្វាវុធ គឺមានការកើនឡើង ៤១% នៅក្នុងខែមិថុនានេះ ហើយទំនិញទាំងអស់នេះ ក៏មានការកើនឡើងរង្វង់ ២ខ្ទង់ជាប់ៗគ្នា ដោយកើន ៤៦% ក្នុងខែឧសភា, កើន ២៥% ក្នុងខែមេសា និងកើន ១២% ក្នុងខែមីនា។


លោក ជូរីន ឡាក់សាណា វិសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ អះអាងបញ្ជាក់ថា ការកើនឡើងនូវការនាំចេញក្នុងខែមិថុនានេះ គឺដោយសារតែផែនការជម្រុញការនាំចេញរបស់រាជរដ្ឋាភិបាលថៃ ដែលដាក់ចេញដោយ ក្រសួងពាណិជ្ជកម្ម ចាប់តាំងពីដើមឆ្នាំ ២០២១មកម្ល៉េះ គួបផ្សំនឹងភាពប្រសើរឡើងនៃ សេដ្ឋកិច្ចសកល ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម។


ដោយឡែកការនាំចូលទំនិញរបស់ថៃ ក៏បានកើនឡើង ៥៣% គិតជាទឹកប្រាក់ប្រមាណ ២២ពាន់ ៨រយលានដុល្លារអាមេរិក ដែលធ្វើឲ្យប្រទេសថៃ សម្រេចបាននូវអតិរេកពាណិជ្ជកម្មជាង ៩៤៥លានដុល្លារ ក្នុងខែមិថុនានេះ។


បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ផលិតផលកសិកម្ម និងកសិឧស្សាហកម្ម សម្រេចកំណើននៃការនាំចេញ ៧ខែជាប់ៗគ្នា ដោយមានអត្រាកំណើន ៣៦% នៅក្នុងខែមិថុនានេះ គិតជាទឹកប្រាក់នាំចេញជិត ៤ពាន់លានដុល្លារអាមេរិក។

 


ដោយឡែកការនាំចេញផលិតផលឧស្សាហកម្ម កើនឡើង ៤ខែជាប់ៗគ្នា នឹងសម្រេចបាន ៤៤% ក្នុងខែមិថុនានេះ គិតជាទឹកប្រាក់ប្រមាណ ១៩ពាន់លានដុល្លារអាមេរិក។

 


គួរជម្រាបដែរថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២១នេះ ថៃ សម្រេចការនាំចេញ ១៣២ពាន់លានដុល្លារអាមេរិក មានកំណើន ១៥% ហើយថៃ ក៏នាំចូលមកវិញជាង ១៣០ពាន់លានដុល្លារអាមេរិក កើនឡើង ២៦% យ៉ាងណា ថៃ សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ២ពាន់លានដុល្លារអាមេរិក៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024