ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ទេព រិនដារ៉ូ ប្រកាសបម្រើវិស័យសិល្បៈរហូតលែងមានអ្នកគាំទ្រទើបឈប់

២៤ កក្កដា ២០២១ | កម្សាន្ដ

ក្រាញ់ននៀលលើវិថីសិល្បៈខ្មែរជាច្រើនទសវត្សរ៍ តារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ ប្រកាសថា លោកនឹងនៅតែបម្រើវិស័យសិល្បៈរហូតទៅ លុះត្រាលោកធ្វើការលែងកើត ឬទស្សនិជនឈប់គាំទ្រលោក។

 


និយាយពីតារាសម្តែងលោក ទេព រិនដារ៉ូ ស្ទើរគ្មាននរណាម្នាក់ក្នុងវិស័យសិល្បៈកម្ពុជាដែលមិនស្គាល់ឈ្មោះលោកនោះទេ សូម្បីតែមហាជនអ្នកគាំទ្រស្ទើរគ្រប់វ័យទៅហើយ សុទ្ធសឹងតែស្គាល់ ហើយបានដឹងឮពីទេពកោសល្យជំនាញសិល្បៈរបស់លោក និងបានទទួលស្គាល់ពីសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់របស់លោកលើវិថីសិល្បៈខ្មែរច្រើនទសវត្សកន្លងទៅនេះ។

 


ច្រើនទសវត្សមកហើយតារាសម្តែងជើងចាស់នេះនៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួន ជាក់ស្តែងគេនៅតែឃើញវត្តមានក្នុងភាពយន្តខ្មែរជាហូរហែលមិនដាច់នោះទេ មិនថារឿងភាគ រឿងដុំ រឿងខ្លី ជាវីដេអូបែបអប់រំ និងស៉្បតពាណិជ្ជកម្ម MV ចម្រៀង ជាដើម។ ក្នុងប្រវត្តិជាតារាសម្តែង លោក ទេព រិនដារ៉ូ ក្តោបបានស្នាដៃរឿងខ្នាតអន្តរជាតិ រួមទាំងរឿងហូលីវូដផងដែរ ដែលតម្លៃខ្លួនរបស់លោកសម្តែងឲ្យរឿងខ្នាតអន្តរជាតិ និងរឿងហូលីវូដ គឺខ្ពស់មិនធម្មតា។

 


ត្បិតមានរឿងរ៉ាវជាច្រើនបានកើតឡើងជាអន្លើលើវិថីសិល្បៈដែលលោកហែលឆ្លង ប៉ុន្តែលោក ទេព រិនដារ៉ូ នៅតែក្រាញ់ននៀលលើវិថីសិល្បៈមួួយនេះ ហើយថ្មីៗនេះលោកបានប្រកាសចំពោះមុខអ្នកសារពត៌មានក្នុងស្រុកថា លោកនឹងនៅតែបម្រើវិស័យសិល្បៈរហូតទៅ លុះត្រាលោកធ្វើការលែងកើត ឬទស្សនិជនឈប់គាំទ្រលោក។

 


ក្រឡេកមកមើលបណ្តាញសង្គមហ្វេសប៊ុកវិញនោះ ជារៀងរាល់ថ្ងៃតារាសម្តែងជើងចាស់វ័យ៥០ផ្លាយ ទេព រិនដារ៉ូ តែងតែបង្ហោះរូបភាព និងវីដេអូពីសកម្មភាពផ្សេងៗរបស់លោក ដើម្បីចែករំលែកជាការកម្សាន្តដល់ប្រិយមិត្តអ្នកគាំទ្ររបស់លោក។

 


គួររំលឹកផងដែលថា លោក ទេព រិនដារ៉ូ កើតនៅឆ្នាំ១៩៦៣ (ក្នុងសម័យសង្គមរាស្រ្តនិយម) នៅភូមិសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង។ ខ្សែភាពយន្តរឿងដំបូងរបស់លោកគឺ ក្នុងឆ្នាំ១៩៨៧ គឺរឿង «ទឹកភ្នែកសម្ងាត់ក្នុងរាត្រីពណ៌ស្វាយ» ក្នុងផលិតកម្ម «សូលីវណ្ណ» ដែលជាខ្សែភាពយន្តទី១របស់លោក តែរឿងនោះមិនសូវទទួលបានការចាប់អារម្មណ៍ប៉ុន្មានទេ។

 

 

បន្ទាប់មកលោកបានសម្តែងរឿងថ្មីទៀត គឺរឿង «បុប្ផាភ្នំពេញ» ក្រោយមកលោកបានចាប់ដៃគូជាមួយអ្នកនាង អម្ពរ ទេវី ក្នុងរឿង «អាថ៌កំបាំងកិច្ចសន្យា» ក៏ក្លាយជាដៃគូសម្ដែងដ៏ស័ក្តិសមនិងល្បីឈ្មោះ តាំងពីពេលនោះមក។ ចាប់ពីពេលនោះមក លោក ទេព រិនដារ៉ូ ក៏បានសម្ដែងជាច្រើនរឿងទៀត តែក្នុងនោះខ្សែភាពយន្តដែលល្បីឈ្មោះជាងគេ នាពេលនោះគឺរឿង «ឆ្អឹងអណ្ដែត»។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024