ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ហាងឆេងមាសនៅលើទីផ្សារប្រទេសកម្ពុជាបន្តរក្សាតម្លៃល្អដដែល បើធៀបនិងឆ្នាំ២០២០

២២ កក្កដា ២០២១ | សេដ្ឋកិច្ច

ក្រុមពាណិជ្ជករលក់មាស នៅក្នុងរាជធានីភ្នំពេញបានឲ្យដឹងថា តម្លៃទីផ្សារហាងឆេងមាសនៅលើទីផ្សារប្រទេសកម្ពុជាបន្តរក្សាតម្លៃខ្ពស់ដដែល បើធៀបនិងឆ្នាំ២០២០ ដោយមាស១ដម្លឹងរក្សាតម្លៃជាង២ពាន់ដុល្លារ។

 


ក្រុមពាណិជ្ជករលក់មាសនៅម្តុំផ្សារកាប់គោ ក្នុងរាជធានីភ្នំពេញបានប្រាប់ភីអិនអិនឲ្យដឹងថា បច្ចុប្បន្នរបរមុខជំនួញមាសនេះស្ថិតនៅក្នុងស្ថានភាពល្អជាធម្មតា និងបានអះអាងថាការប្រកបរបរមុខជំនួញមាស ឬការទិញភាគហ៊ុនមាសនេះ បានផ្តល់ផលចំណេញជាងគេបង្អស់ សម្រាប់ឆ្នាំ២០២១នេះ។

 


ពាណិជ្ជករលក់មាស លោកស្រី គង់ ស៊ីណាត បានគូសបញ្ជាក់ថា មានពេលនេះគឺត្រូវប៉ាន់ជាងពេលណាៗទាំងអស់ ពោលគឺតម្លៃមាសបន្តឡើងថ្លៃជាលំដាប់ ជាក់ស្តែងនៅលើទីផ្សារពិភពលោកកាលពីខែកក្កដា ឆ្នាំ២០២០ តម្លៃមាសបានឡើងដល់កំរិតកំពូល ពុំធ្លាប់មាន ដោយ១តម្លឹង មានតម្លៃ២ពាន់បីរយដុល្លារ ប៉ុន្តែយ៉ាងណាតម្លៃមាសនេះហាក់ស្រុតចុះបន្តិច តែក៏ស្ថិតនៅក្នុងកម្រិត១ល្អ ដោយមាស១តម្លឹងនៅរក្សាតម្លៃជុំវិញ២ពាន់២រយដុល្លារ។ 

 



ក្រុមអាជីវករដដែលបានបញ្ជាក់ថា ការធ្លាក់ចុះឬ មិនធ្លាក់ចុះនៃតម្លៃមាសនៅលើទីផ្សារប្រទេសកម្ពុជានាពេលនេះ មិនមែនដោយសារតែសេដ្ឋកិច្ច ឬទីផ្សារកម្ពុជាជាអ្នកកំណត់ទេ គឺដោយសារតែទីផ្សារមាសនៅលើពិភពលោកបានធ្វើឱ្យប្រែប្រួល ។ ប្រទេសដែលសម្បូរ បើគេទម្លាក់តម្លៃមាសហើយ នោះប្រទេសដទៃទៀតនឹងត្រូវធ្លាក់ថ្លៃតាមដែរ តែបើគេដំឡើងថ្លៃ នោះទីផ្សារប្រទេសដទៃដែលរងឥទ្ធិពលនាំចូលមាសនឹងត្រូវឡើងថ្លៃដូចគ្នាដែរ ។ 

 



សូមជម្រាបជូនថា កាលពីឆ្នាំ២០២០ តម្លៃមាសក្នុង១តម្លឹង២ពាន់៣រយ ធៀបនិងឆ្នាំ២០២១ មាស១តម្លឹង ២ពាន់២រយ។ ព្រោះតែវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ១៩ ដែលធ្វើឲ្យមនុស្សមួយចំនួនមិនសូវមានលិទ្ធភាពទិញមាសទុកដូចពីមុន៕

 

 

អត្ថបទ: ថុន សុកេតុមាលា រូបភាព: អ៊ិត អាត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024