ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១

កម្លាំងពលកម្មជាង ២ម៉ឺននាក់ ក្នុងវិស័យអាកាសចរណ៍ថៃ នឹងបាត់បង់ការងារ ដោយសារតែវិបត្តិមេរោគកូវីដ១៩

២២ កក្កដា ២០២១ | សេដ្ឋកិច្ច

បុគ្គលិក កម្មករជាង ២ម៉ឺននាក់ មកពី ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៧ អាចនឹងបាត់បង់ការងារក្នុងពេលឆាប់ៗខាងមុខ បើសិនជា បំរាមបិទជើងហោះហើរក្នុងស្រុក នៅតែបន្តដល់ទៅ ៣ខែ ដោយគ្មានជំនួយពី រាជរដ្ឋាភិបាលថៃ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។


ប្រធានសមាគមក្រុមហ៊ុនអាកាសចរណ៍ថៃ បានលើកឡើងថា វិស័យអាកាសចរណ៍ថៃ កំពុងតែជួបនឹងវិបត្តិធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ ២០២០មកម្ល៉េះ ដែលចំនួនអ្នកដំណើរថយចុះដល់ទៅ ៦៤% ហើយស្ថានការណ៍បច្ចុប្បន្ននេះ កំពុងតែកាត់ផ្តាច់លំហូរសាច់ប្រាក់របស់ ក្រុមហ៊ុនអាកាសចរណ៍ បន្ទាប់ពីរាជរដ្ឋាភិបាលថៃ សម្រេចបិទជើងហោះហើរក្នុងស្រុក។ 


លោក បន្តថា ក្រុមហ៊ុន រង់ចំាប្រាក់កម្ចីការប្រាក់ទាប អស់រយៈពេលជិត ៥០០ថ្ងៃនេះ ចាប់តាំងពី នាយករដ្ឋមន្រ្តី អះអាងនឹងជួយតាំងពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០មកម្ល៉េះ។


គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ បានជួបនឹងបញ្ហាខាតបង់ប្រាក់ ចាប់តាំងពីការបិទព្រំដែន ក្នុងឆ្នាំ ២០២០ ហើយបើសិនជា ក្នុងរយៈពេល ១ខែទៀត នៅតែពុំទទួលបានជំនួយនោះទេ ពួកគេត្រូវបង្ខំចិត្តកាត់បន្ថយបុគ្គលិក ឬពុំអាចបន្តអាជីវកម្មទៀតទេ។


ប្រធានក្រុមហ៊ុន Thai AirAsia បានបញ្ជាក់ថា ចាប់តាំងពីមានការបិទទីក្រុងបាងកក ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍របស់ថៃ ក្រុមហ៊ុនអាកាសចរណ៍ទាំង ៧ ត្រូវចតយន្តហោះ ១៧០គ្រឿងទុកចោល ដោយគ្មានលំហូរចំណូលសាច់ប្រាក់នោះទេ ហើយត្រូវបង់ប្រាក់ចំណាយរង្វង់ ២៧លានដុល្លារ ក្នុងមួយខែៗទៀត។


សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃ បានកាត់បន្ថយសំណើសុំជំនួយជាប្រាក់កម្ចី តាំងពី ៧៣០លានដុល្លារ មកនៅត្រឹម ១៥០លានដុល្លារ ក្នុងគោលបំណងចំបង រក្សានូវការងាររបស់បុគ្គលិក តែគ្មានការឆ្លើយតបពី រាជរដ្ឋាភិបាលថៃ នោះទេ។


ប្រធានក្រុមហ៊ុន Thai Vietjet បានមានប្រសាសន៍ថា ក្នុងសេណារីយ៉ូអាក្រក់បំផុត ដែលប្រទេសថៃ ចាំបាច់ត្រូវបិទទ្វារ រយៈពេល ៣ខែ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃមេរោគកូវីដ១៩ ប្រាកដណាស់ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំងអស់ នឹងដួលរលំ។

 


ក្រៅពីប្រាក់កម្ចី ភាគីក្រុមហ៊ុនអាកាសចរណ៍ ក៏ស្នើសុំរដ្ឋថៃ ឲ្យជួយសម្រាលបន្ទុកសំខាន់ៗ ដូចជាលើកលែងថ្លៃនាវាចរណ៍ និងកាត់បន្ថយពន្ធលើប្រេងយន្តហោះ។ជាចុងក្រោយ អ្នកជំនាញនៅក្នុងវិស័យអាកាសចរណ៍ថៃ ក៏បានបង្ហើបដែរថា វិស័យអាកាសចរណ៍ គឺជាផ្នែកដ៏សំខាន់មួយ សម្រាប់វិស័យទេសចរណ៍ ដឹកជញ្ជូន និងនាំចេញ ហើយបើសិនជា មានក្រុមហ៊ុនអាកាសចរណ៍ក្ស័យធន វានឹងជះឥទ្ធិពលជាច្រើនដល់ សេដ្ឋកិច្ចរបស់ប្រទេសថៃ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.