ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

វ៉ាន់ វឿន រអាអាវុធ លៀប រដ្ឋា មុនជំនួបដណ្ដើមខ្សែក្រវាត់ប្រាក់នៅ PNN ថ្ងៃអាទិត្យនេះ

២៧ ឧសភា ២០២០ | កីឡា

អ្នកប្រយុទ្ធគុនខ្មែរជួរមុខ វ៉ាន់ វឿន អះអាងថា បានត្រៀមខ្លួនរួចរាល់ ទាំងការហ្វឹកហាត់ បច្ចេកទេស និងសុខភាព សម្រាប់ជំនួបតតាំងអ្នកលេងទម្ងន់ដៃ លៀប រដ្ឋា វគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់ ទម្ងន់ ៥៧គីឡូក្រាម ក្នុងកម្មវិធី «អធិរាជគុនខ្មែរ ISI PALM-ISI PIPE» នៅភីអិនអិន នាថ្ងៃអាទិត្យ ទី ៣១ ខែឧសភា ចុងសប្ដាហ៍នេះ។


ប្រាប់ភីអិនអិន នៅសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី ២៥ ខែឧសភា ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ២សម័យរូបនេះបញ្ជាក់ថា លៀប រដ្ឋា ជាអ្នកប្រយុទ្ធពោរពេញដោយស្នៀតគ្រោះថ្នាក់ ពិសេសអាវុធរបស់គេ វាយចេញធ្ងន់ៗ មិនអាចប្រហែសបានឡើយ។

 


«សម្រាប់ខ្ញុំគឺបានត្រៀមខ្លួនល្អ និងគ្រប់គ្រាន់។ មកដល់ពេលនេះ អារម្មណ៍ខ្ញុំរាងក្ដុកក្ដួលផង ភ័យផង អរផង។ ព្រោះឱកាសនេះ ជាឱកាសមួយទៀត ដែលអាចបើកផ្លូវឲ្យខ្ញុំឡើងទៅវគ្គបន្ត ហើយបើប្រកួតនេះធ្វើអត់បាន ខ្ញុំនឹងធ្លាក់ហាលអាវ។ អ៊ីចឹងខ្ញុំនឹងខំអស់ពីសមត្ថភាពហើយ។ ខ្ញុំចង់បានខ្សែក្រវាត់នេះខ្លាំងណាស់។ ទី១ ស្រលាញ់ខ្សែក្រវាត់នេះខ្លាំង ទី២ ជាផ្លូវឲ្យខ្ញុំអាចឡើងទៅវគ្គបន្តទៀត។ ខ្ញុំបានសិក្សាខ្លះៗហើយ អាវុធគាត់ល្អ ហើយធ្ងន់ៗ។ ខ្ញុំជូបគាត់ម្ដងហើយ ខ្ញុំឈ្នះគាត់ទាំងពិបាក។ គាត់ដើរចូលរហូត និងអាវុធគាត់ធ្ងន់ៗ ធ្វើឲ្យខ្ញុំពិបាក។ រាងកើនសមត្ថភាពដូចគ្នាបង ដោយខ្ញុំមួយរយៈនេះ ក៏ឡើងគួរសមដែរ។ ខ្ញុំនៅតែប្រើពាក្យដដែលថា ខ្ញុំបារម្ភអាវុធគាត់ធ្ងន់ៗ»។


បេក្ខភាពដណ្ដើមខ្សែក្រវាត់ប្រាក់ចុងក្រោយរូបនេះបន្ថែមថា ខ្លួនមិនហ៊ានរំពឹងខ្ពស់ពេកនោះទេ ព្រោះការប្រកួតនេះនឹងតានតឹង ហើយមិនអាចមើលស្រាលសមត្ថភាពគូប្រកួតចាស់ លៀប រដ្ឋា បានឡើយ បើប្រហែសអាចនឹងបាត់បោះឱកាសតែម្ដង។

 


«សម្រាប់ខ្ញុំ ជឿជាក់ ៥០លើ ៥០ភាគរយនៅឡើយទេ ព្រោះអត់អាចសន្និដ្ឋានមុន។ សំខាន់ជួបគ្នានៅលើសង្វៀន លទ្ធផលបែបណាយើងនឹងដឹង។ ការប្រកួតអត់មានទៀតទេ បើយើងហ៊ានប្រហែស អាចនឹងភ្លាត់ អាចនឹងសន្លប់ ដោយអត់អាចមើលទុកមុនបានទេ។ សម្រាប់ខ្ញុំ អត់មានអីក្រៅពីសុំទោសទុកជាមុន។ ដោយចង់ប្រាប់បងថា នៅលើសង្វៀនអត់មានពាក្យថាយោគយល់ទេ។ ចាញ់ឈ្នះមិត្តភាព នៅក្រោមសង្វៀនមិត្តភាពនៅដដែល»។

 


សូមជម្រាបថា វ៉ាន់ វឿន នឹងប្រឈមជាមួយ លៀប រដ្ឋា នាថ្ងៃអាទិត្យ ទី ៣១ ខែឧសភា ចុងសប្ដាហ៍នេះ ដើម្បីរកម្ចាស់ខ្សែក្រវាត់ប្រាក់ទី ៤ ជាខ្សែក្រវាត់ប្រាក់ចុងក្រោយ ខណៈ អេលីត ចំរើន អេ ណារ័ត្ន និង ប៊ុន សុធា បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាសរួចរាល់ហើយ។ លើសង្វៀនតែមួយ អមដោយគូមិត្តភាពដ៏ជក់ចិត្ត រួមមាន កាន់ ម៉េងហុង ប៉ះ ធន់ ស៊ីហុង ស្របពេល អេរ៉ាវ៉ាន់ ចាន់រាជ តតាំង ឡុង ខេត្ត រីឯ ឡុង ហាក់ ស្វាគមន៍ជើងខ្លាំងវ័យក្មេង ឡុង សុខលីម រួមទាំងមានគូថ្នាលពីរគូទៀតផងដែរ ដោយមានផ្សាយផ្ទាល់ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN ហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕


អត្ថបទ និងរូបភាព ៖ នូ ពៅ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024