ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អាជីវកម្មប្រទាល ចំណាយដើមទុនតិច តែអាចរកចំណូលបានមកវិញខ្ទង់ពាន់ដុល្លា 

២១ កក្កដា ២០២១ | សេដ្ឋកិច្ច

ការដាំកូនប្រទាល បានក្លាយជាការពេញនិយមមួយបែបសម្រាប់ពលរដ្ឋខ្មែរ សម្រាប់ដាក់តាំងលម្អនៅផ្ទះ កន្លែងការងារ ជាដើម។ អ្នកខ្លះជឿថា ការតាំងលម្អកូនប្រទាលអាចនាំសំណាង និងដេញភាពចង្រៃចេញពីផ្ទះ ប៉ុន្តែការពិត គ្មានប្រទាលណាដែលមានឈ្មោះថា ជាប្រទាលនាំសំណាងឬប្រទាលដេញចង្រៃអ្វីឡើយ ជាក់ស្ដែង ប្រទាលអាចជួយឲ្យអារម្មណ៍ល្អ និងកាត់បន្ថយភាពតានតឹងពីការងារ។


លោកស្រីហួត រតន: ជាម្ចាស់ហាង NakCactus គាត់ជាអ្នកប្រកបរបរដាំដើមប្រទាលជាយូរណាស់មកហើយ តាំពីរបរតូចតាចនៅតាមរបងផ្ទះ រហូតពង្រីកខ្លួនបើកជាហាងប្រទាល ទាំងនេះដោយសារតែការខំប្រឹងរបស់គាត់  ។

 



លោកស្រីបន្ថែមថា ប្រជាជនខ្មែរចូលចិត្តការចាំដើមឈើ ឬដើមប្រទាលផ្សេងៗ ជាពិសេសនៅក្នុងសម័យកូវីដនេះតែម្តង ដែលធ្វើឲ្យមុខរបរបស់គាត់កាន់តែរីកចំម្រើន មានអតិថិជនច្រើនមកទិញប្រទាលរបស់គាត់ ដូចនេះលោកស្រីអាចរកចំណូលបានជាទៀងទាត់ បើប្រៀបធៀបនិងឆ្នាំ២០១៩  ប្រទាលភាគច្រើននាំចូលពី ប្រទេសចិន ថៃ និងវៀតណាម

 


ចំពោះអាជីវកម្មមួយនេះ លោកស្រីចំណាយដើមទុន ១ពាន់ដុល្លាតែប៉ុណ្ណោះ ដោយក្នុង១ថ្ងៃអាចរកចំណូលបាន២ទៅ៣រយដុល្លា. ១ខែអាចរកចំណូលមកវិញបានជាមធ្យម ២ពាន់៥រយដុល្លា។

 



យ៉ាងណាមិញ ធ្វើឲ្យអាជីវកម្មមួយរីកលូតលាស់ទៅមុខបាន មិនមែនជារឿងងាយស្រួលនោះទេ លោកស្រី ហួត រតន: បានសន្សំកូនប្រទាលជាច្រើនឆ្នាំ សន្សំម្តងបន្តិចៗ មានដើមទុនសមល្មមទើបគាត់សម្រេចចិត្តបើហាងប្រទាលនេះតែម្តង។

 



ប្រទាលក៏មានអត្ថប្រយោជន៍ច្រើនមុខងារដែរ ដោយវាជួយបន្សុទ្ធខ្យល់ និងធ្វើមានអាម្មណ៍សប្បាយចិត្ត ការដាំកូនប្រទាល វាជាការលំហែរអារម្មណ៍មួយបែប សម្រាប់អ្នកចូលចិត្តធម្មជាតិ និងផ្កាស្អាតៗ អ្នកខ្លះអាចរំសាយអារម្មណ៍តានតឹង និងមានស្មារតីរីករាយវិញ ដោយគ្រាន់តែឃើញកូនប្រទាលទាំងនោះ។
 

 

អត្ថបទ: ថុន សុកេតុមាលា      រូបភាព: អ៊ិត អាត 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024