ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ចំបាប់ពុំទាន់អាចត្រលប់មកប្រមូលផ្ដុំវិញ ដោយសារបញ្ហាប្រឈម ២ ចំណុច

២៧ ឧសភា ២០២០ | កីឡា

ក្រោយក្រសួងអប់រំ  យុវជន និងកីឡា បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិ ស្តីពីវិធានការនៃការផ្តើមប្រមូលផ្តុំហ្វឹកហាត់ និងការប្រកួតក្នុងស្រុក ដោយរក្សានូវគម្លាតសង្គម ប្រកាន់ខ្ចាប់អនាម័យ មិនស្នាក់នៅ ហូបចុកជាមួយគ្នា និងការទទួលខុសត្រូវខ្ពស់ ចំពោះសហព័ន្ធនីមួយៗយ៉ាងណាក្តី ក៏សហព័ន្ធកីឡាចំបាប់កម្ពុជាលើកឡើងថា ខ្លួនពុំទាន់អាចប្រមូលផ្តុំហ្វឹកហាត់ ចំពោះកីឡាករជម្រើសជាតិបាននោះទេ ដ្បិតកីឡាចំបាប់ត្រូវការហ្វឹកហាត់ប៉ះពាល់គ្នាយ៉ាងខ្លាំង ហើយកីឡាករភាគច្រើនសុទ្ធតែនៅតាមខេត្ត ដែលត្រូវការស្នាក់នៅរួមគ្នានៅភ្នំពេញ ដើម្បីហ្វឹកហាត់។

 

 

ប្រាប់ដល់អ្នកសារព័ត៌មាន កាលពីថ្ងៃទី ២៦ ឧសភា ក្រោយបញ្ចប់កិច្ចប្រជុំរវាងសហព័ន្ធកីឡាជាតិចំនួន ៣៤ ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា ឲ្យដឹងពីមូលហេតុ ដែលចំបាប់មិនទាន់អាចប្រមូលផ្តុំហ្វឹកហាត់បានវិញ យ៉ាងដូច្នេះថា៖ «បើតាមប្រសាសន៍ឯកឧត្តម ស សុខា ដែលទើបបានប្រជុំចប់ ដោយសារបើកីឡាករថ្នាលរបស់យើងភាគច្រើន​មកពីខេត្ត អញ្ចឹងធ្វើការប្រមូលផ្តុំហ្វឹកហាត់នៅស្តាតអូឡាំពិក ហើយពីមុនមកដែលមិនទាន់មានកូវីដ-១៩ហ្នឹង ហើយហាត់ក្នុងពហុកីឡដ្ឋានជាតិក្នុងសាលដំបូលទូកហ្នឹង ដោយសហព័ន្ធរៀបចំកន្លែងស្នាក់នៅរួម ហើយមជ្ឈមណ្ឌលជាអ្នករ៉ាប់រងរឿងអាហារ។ ពេលនេះ ឯកឧត្តម ស សុខា មានប្រសាសន៍ហើយទាក់ទង​រឿងហូបចុកស្នាក់នៅរួមហ្នឹង គឺមិនអនុញ្ញាតិទេ។ ហើយការហ្វឹកហាត់នេះទៀត ក្រសួងបានបញ្ចេញជាសេចក្តីណែនាំមួយ បែងចែកការហ្វឹកហាត់កីឡាករឯកត្តជន កីឡាករជាក្រុម កីឡាករឯកត្តជន ប្រយុទ្ធសំដែងមានប្រើឧបករណ៍ ហើយសម្រាប់ចំបាប់ យើងមិនអាចហ្វឹកហាត់ជុំគ្នាបានទេ ព្រោះចំបាប់មិនអាចហាត់តែឯងបានទេ ត្រូវហាត់ជាមួយគ្នា ខ្លួនប៉ះហ្នឹងខ្លួន ហើយគោលការណ៍បានលើកឡើងនេះ គឺយើងមិនអាចប្រមូលផ្តុំកីឡាករពីខេត្តមកហាត់ជុំគ្នានៅភ្នំពេញបានទេ ព្រោះពួកគាត់នៅខេត្តទាំងអស់ កាលណាមកភ្នំពេញត្រូវស្នាក់នៅរួមត្រូវញាំអាហាររួម អញ្ចឹងលោកមានប្រសាសហើយ គឺមិនអនុញ្ញាតិអោយមានការញាំរួម អនុញ្ញាតិឲ្យហាត់ប៉ះខ្លួនហ្នឹងខ្លួនទេ គឺវាអាចបង្កការឆ្លងកូវីដ-១៩ នេះវាជាហានិភ័យមួយដែរ»។

 

 

អគ្គលេខាធិការដដែលបន្តថា ចំពោះបញ្ហាមិនបានប្រមូលផ្តុំហ្វឹកហាត់នៅភ្នំពេញនេះ សហព័ន្ធក៏មានការព្រួយបារម្ភខ្លះដែរ តែមិនចោទជាបញ្ហាខ្លាំងពេកឡើយ ដ្បិតកីឡាករថ្នាលជាង៨០ ទៅ៨៥ភាគរយហ្វឹកហាត់នៅវិហាសួគ៍ ដែលធ្វើការហ្វឹកហាត់រាល់ថ្ងៃស្របតាមកម្មវិធីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានដាក់អោយ ។

 

 

គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២៦ឧសភា ក្រសួងអប់រំយុវជន និង កីឡា បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិចំនួន៣៤ ដើម្បីរៀបចំផែនការអនុវត្តចំពោះការដំណើរការហ្វឹកហាត់ឡើងវិញ និង ប្រកួតលីគរបស់ខ្លួនឡើងវិញជាជំហានៗ ដោយគោរពតាមលក្ខខណ្ឌសុវត្ថិភាពតាមការណែនាំ និង មានទំនួលខុសត្រូវខ្ពស់ ៕

 

អត្ថបទ និង រូបភាព៖ រ៉េត ស្តាលីន

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024