ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ថៃ សម្រេចផ្អាកជើងហោះហើរក្នុងស្រុក នៅក្នុងតំបន់ផ្ទុះកូវីដខ្លាំង

១៩ កក្កដា ២០២១ | សេដ្ឋកិច្ច

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានប្រកាសផ្អាកដំណើរការ ជើងហោះហើរក្នុងស្រុក ទៅកាន់ខេត្តគោលដៅ ដែលមានផ្ទុះមេរោគកូវីដ១៩ខ្លាំង ឬតំបន់ក្រហមដិត ដែលចាប់ផ្តើមពីថ្ងៃទី ២១ ខែកក្កដា នេះតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។


សេចក្តីប្រកាសនេះ បានបញ្ជាក់ថា ការផ្អាកដំណើរការ នឹងចាប់ផ្តើមរហូតដល់មានការជូនដំណឹងជាថ្មី ខណៈតំបន់ក្រហមដិត បានកើនឡើងពី ១០ ទៅ ១៣តំបន់ហើយ ដោយការហោះហើរនេះ ត្រូវបានលើកលែងចំពោះការដឹកជញ្ជូនទំនិញ នឹងជើងហោះហើរជាតិ និងអន្តរជាតិ ក្រោមលក្ខខណ្ឌពិសេស។


ដោយឡែកចំពោះការហោះហើរ និងចុះចត ដែលមានភាពជាចំាបាច់ ត្រូវទទួលបានការពិចារណាដោយ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ និងវិភាគទៅតាមករណីនីមួយៗជាក់ស្តែង។


ចំពោះក្រុមហ៊ុនអាកាសចរណ៍ ត្រូវបន្តធ្វើតាមការណែនាំ និងវិធានការទប់ស្កាត់មេរោគកូវីដ១៩ របស់រាជរដ្ឋាភិបាលថៃ រួមមាន ការប្រើប្រាស់ទីធ្លាតែ ៥០%, កៅអីអ្នកដំណើរត្រូវអនុវត្តតាមវិធានការគម្លាតសង្គម, ត្រួតពិនិត្យកម្តៅអ្នកដំណើរ ហើយជាពិសេស អ្នកដំណើរ ត្រូវពាក់ម៉ាសឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

 


សូមជម្រាបថា នៅក្នុងតំបន់ក្រហមដិតទាំង ១៣ ក៏មានវិធានការផ្សេងៗបន្ថែមទៀត ដូចជា ផ្សារទំនើប និងហាងទំនិញធំៗ បើកដំណើរបានត្រឹមម៉ោង ៨យប់, ផ្សារលក់គ្រឿងស្រស់ៗ អាចចាប់ផ្តើមបើកពីម៉ោង ៤ភ្លឺ ដល់ម៉ោង ៨យប់ ហើយអាជីវកម្មផ្សេងៗទៀត ដូចជា ឱសថស្ថាន ស្ថាប័នហិរញ្ញវត្ថុ ហាងទំនិញលក់រាយ និងសេវាកម្មដឹកជញ្ជូន ត្រូវអនុវត្តតាមវិធានការកូវីដ១៩៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024