ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

GDP របស់ប្រទេសចិន កើនឡើង ១២% ក្នុងពាក់កណ្តាលឆ្នាំ ២០២១

១៦ កក្កដា ២០២១ | សេដ្ឋកិច្ច

របាយការណ៍ពី ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន មានការកើនឡើងដល់ទៅ ១២% នៅក្នុងឆមាសទី ១ ដើមឆ្នាំ ២០២១នេះ ហើយកំណើននេះ នឹងរុញច្រានឲ្យប្រទេសចិន បន្តឈានមុខគេនៅក្នុងសេដ្ឋកិច្ចសកល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ ជាច្រើននៅថ្ងៃនេះ។

 

 

សេដ្ឋកិច្ចវិទូជាច្រើនមកពីប្រទេសចិន បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់ចិន នៅតែបន្តជា កំណើនល្អជាងគេក្នុងសេដ្ឋកិច្ចសកល ហើយមានចំណុចជាច្រើន ដែលសបញ្ជាក់អំពី ភាពប្រសើរឡើងវិញនៅតាមវិស័យៗនីមួយ ដូចជា វិស័យសេវាកម្ម និងវិស័យឧស្សាហកម្មផលិតជាដើមៗ បើតាមទិន្នន័យពី ការិយាល័យស្ថិតិជាតិចិន បានរកឃើញថា អំឡុងពេល ៦ខែ ដើមឆ្នាំ ២០២១នេះ ចិន ទទួលបានការិនិយោគជិត ៤ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៣% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 


ក្នុងនោះការវិនិយោគទៅលើ វិស័យបច្ចេកវិទ្យាទំនើប កើនឡើង ២៣% ហើយការវិនិយោគទៅលើ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ កើនឡើង ១៥%។ លើសពីនេះ វិស័យលក់ទំនិញប្រើប្រាស់ ឈានដល់ទៅ ៣,២ ទ្រីលានដុល្លារអាមេរិក កើនឡើង ២៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

 


មិនត្រឹមតែ ចិន មានកំណើនសេដ្ឋកិច្ចវិជ្ជមាន អត្រាមានការងារធ្វើ និងការគ្រប់គ្រងតម្លៃទំនិញបានល្អ គឺជា ចំណុចដ៏ទាក់ទាញមួយផង ក្នុងការទាញយកវិនិយោគពីក្រៅប្រទេស។

 

ដោយឡែក ការនាំចេញទំនិញរបស់ប្រទសចិន មានកំណើនខ្ពស់ប្រមាណ ២៨% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ សូមរម្លឹកបន្តិចថា ធនាគារពិភពលោក បានតម្លើងការព្យាករណ៍អំពី កំណើនសេដ្ឋកិច្ចរបស់ មហាអំណាចសេដ្ឋកិច្ចចិន អាចនឹងកើនដល់ ៨,៥% នៅក្នុងឆ្នាំ ២០២១ ដែលកាលពីមុន ការព្យាករណ៍កំណត់ត្រឹមតែ ៨,១% ដោយអះអាងថា កំណើនពេញលេញ ត្រូវការគាំទ្រដោយ កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024