ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ការនំាចេញរថយន្តរបស់ប្រទេសចិន កើនឡើងទ្វេដង នៅក្នុងឆមាសទី ១

១៥ កក្កដា ២០២១ | សេដ្ឋកិច្ច

បើតាមទិន្នន័យពី នាយកដ្ឋានរដ្ឋបាលទូទៅនៃគយចិន បានបង្ហាញថា នៅក្នុងពាក់កណ្តាលឆ្នាំ ២០២១ ការនាំចេញរថយន្ត និងតួបង្គុំរថយន្ត ដែលផលិតដោយប្រទេសចិន បានកើនឡើងដល់ទៅ ទ្វេដង ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន CCTV ចុះផ្សាយនៅថ្ងៃនេះ។


ប្រភពដដែលខាងលើនេះ បានពន្យល់ឲ្យដឹងថា តម្លៃសរុបនៃការនាំចេញរថយន្ត និងតួបង្គុំរថយន្ត ដែលបានផលិតក្នុងប្រទេសចិន និងបាននាំចេញក្នុងឆមាសទី ១ ដើមឆ្នាំ ២០២១នេះ គឺមានកំណើនដល់ទៅ ១០១%។


បើតាមអ្នកជំនាញនៅក្នុងវិស័យមួយនេះ បានអះអាងថា គ្រឿងបង្គុំរថយន្តរបស់ចិន ចាប់ផ្តើមចាប់បានចំណែកទីផ្សារអន្តរជាតិជាបណ្តើរៗហើយ ដោយក្នុងនោះមានការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងប្រទេសប៉ូឡូញជាដើម។


ជាក់ស្តែងនៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ តម្លៃគ្រឿងបង្គុំរថយន្ត ដែលនាំចេញពី កំពង់ផែនីងបូ របស់ប្រទេសចិន មានតម្លៃដល់ទៅ ៣ពាន់លានដុល្លារអាមេរិក កើនឡើង ៣០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៩។


យ៉ាងណាក៏ដោយ បើយើងក្រឡេកមកមើលពី ការលក់រថយន្តក្នុងប្រទេសចិនវិញ គឺសម្រេចបានជាង ២លានគ្រឿង នៅក្នុងខែមិថុនា កន្លងទៅនេះ មានការធ្លាក់ចុះ ១២% ដោយរងឥទ្ធិពលពីបញ្ហាកង្វះខាតបន្ទះឈីប។

 


សូមជម្រាបដែរថា ប្រទេសចិន ផលិតរថយន្តបានជាង ១២លានគ្រឿង និងលក់ចេញបានប្រមាណ ១២លានគ្រឿង នឹងក្នុងពាក់កណ្តាលឆ្នាំ ២០២១នេះ ហើយសម្រាប់ការលក់រថយន្តពេញមួយឆ្នាំ ២០២១ រំពឹងនឹងអាចសម្រេចបាន ២៧លានគ្រឿង ដោយក្នុងនោះ ការលក់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី រំពឹងនឹងលក់បាន ២លាន ៤សែនគ្រឿង កើនឡើង ៧៦% ធៀបនឹងឆ្នាំ ២០១៩៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024