ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

បើគ្មានកម្លាំងចិត្តពីឪពុកទេ លន់ សៀកឡុង ថានឹងចុះចាញ់ ល័ក្ខ លាត នៅទឹកទី ២ បាត់ទៅហើយ

២៧ ឧសភា ២០២០ | កីឡា

ទម្ងន់ដណ្ដាប់ដៃរបស់កីឡាករ ល័ក្ខ លាត បណ្ដាលឲ្យថ្នាលគុនខ្មែរ លន់ សៀកឡុង បាត់បង់ម្ចាស់ការ ឈានដល់ចំណុចចង់បោះបង់ការប្រកួតក្នុងទឹកទី ២ តែដោយបាន​ឮ​សម្លេងស្រែកលើកទឹកចិត្តពីឪពុក ដែលមកតាមស្ទើរគ្រប់ប្រកួត ជំរុញឲ្យសិស្សគុនក្លិបថ្នល់ទទឹងគុនខ្មែរ ស្ដារស្ថានការណ៍មកវិញ ហេីយថែមទាំងវាយសន្ធាប់ផ្ដួលរៀមច្បងឲ្យសន្លប់ក្នុងទឺកទី ២ វិញតែម្ដង។

 

 

បន្ទាប់ពីបញ្ចប់ការប្រកួតនៅលើសង្វៀន អធិរាជគុនខ្មែរ ISI PALM-ISI PIPE កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករ លន់ សៀកឡុង រ៉ាយរ៉ាប់ពីសកម្មភាពនៅក្នុងការប្រកួតបែបនេះថា៖ «កាលពីទឹក១ខ្ញុំរាងអស់ ព្រោះអីចាប់ពីទឹកមួយមក គាត់បុកយកហ្មង ណាមួយបង ល័ក្ខ លាត គាត់ល្អដៃ ហើយពេលឮប៉ាខ្ញុំគាត់ប្រាប់ពីក្រោម ខ្ញុំក៏វាយទៀត។ អម្បាញ់មិញនេះ បើប៉ាអត់មកជាមួយ ខ្ញុំប្រហែលពិបាក ព្រោះដៃគូខ្ញុំគាត់ចាស់ គាត់កម្លាំង ចឹងគាត់បុកយើងទៅយើងក៏អស់ដែរ យើងចាញ់ខ្ចីគាត់។ នៅក្នុងទឹកទី ១ អត់អីទេ តែដល់ទឹកទី ២ មានចិត្តថាចង់ដកចិត្តឈប់វាយ ណាមួយខ្ញុំអស់ ខ្ញុំចង់បោះបង់ការប្រកួតចោល តែឮប៉ាស្រែកពីក្រោមទៅ ខំប្រឹងរហូតវាយគេសន្លប់វិញ»។

 

 

បន្ថែមលើការរៀបរាប់ពីកម្លាំងចិត្ត ដែលឪពុកបានផ្ដល់ឲ្យ កីឡាករដើមកំណើតនៅខេត្តកំពង់ចាមរូបនេះ ក៏បង្ហើបពីយុទ្ធសាស្ត្រផ្ដួលកូនសិស្សក្លិបគុហាព្រហ្មជ័យខេត្តសៀមប នៃសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទថា៖ «ខ្ញុំទាត់គាត់ហើយព្យាយាមយកជើងទប់កណ្ដាប់ដៃគាត់ ដំបូលរាងភ័យដែរ  ខ្លាចភ្លាត់ តែឃើញគាត់រាងអស់ចឹងដែរ ខ្ញុំក៏ខំប្រឹងបុកថែម ដើម្បីឲ្យគាត់ដាច់កម្លាំងជាងយើង រហូតគាត់សន្លប់»។

 

 

គួរបញ្ជាក់ថា កីឡាករគុនខ្មែរ វ័យ១៧ឆ្នាំរូបនេះ មានស្ថិតិប្រកួត ១៦ដង បង្ហាត់ដោយលោកគ្រូ ឈិន លឹម និងមានបងប្អូន ៣នាក់សុទ្ធតែជាអ្នកប្រឡូកក្នុងវិស័យគុនខ្មែរ៕

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024