ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រាជរដ្ឋាភិបាល សម្រេចបន្តអនុគ្រោះពន្ធដល់វិស័យ ២ រយ:ពេល ២ខែបន្ថែមទៀត ខណៈការបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ជាង ៣ម៉ឺននាក់ ចាប់ផ្ដើមនៅថ្ងៃនេះ

២៧ ឧសភា ២០២០ | ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់រាជដ្ឋាភិបាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០បានឲ្យដឹងថា សម្រាប់វិស័យទេសចរណ៍ បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្ត កំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០។

 


រាជរដ្ឋាភិបាលបន្តអនុញ្ញាត មិនឲ្យបង់ប្រាក់ភាគទាន ធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុងអំឡុងពេលព្យួរអាជីវកម្ម លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២១។

 


ចំពោះវិធានការ ជួយវិស័យអាកាសចរណ៍វិញគឺ លើកលែងការបង់ពន្ធអប្បបរមា (Minimum tax) សម្រាប់រយៈពេល ២ខែបន្តទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយ សំដៅជួយដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាល នៃជំងឺកូវីដ១៩ផងដែរ។

 


ដោយឡែក យោងតាមស្មារតីកិច្ចប្រជុំកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារជាសេនាធិការក៏បានចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភដល់កម្មករនយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ជាង៣ម៉ឺននាក់ ដែលបានអនុញ្ញាតអោយព្យួរកិច្ចសន្យាការងារ សម្រាប់សហគ្រាសចំនួន១១១ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍នាពេលកន្លងមក ដោយសារតែវិបត្តិកូវីត១៩ផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕


អត្ថបទ៖ សំ ជំនាញ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024