ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ទំហំជួញដូរភាគហ៊ុននៅក្នុងវិស័យមូលបត្រកម្ពុជា នៅតែរក្សាបានកំណើនល្អ ក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ 

១៤ មិថុនា ២០២១ | សេដ្ឋកិច្ច

របាយការណ៍ចុងក្រោយបំផុតមួយរបស់ និយ័តករមូលបត្រកម្ពុជា បានបង្ហាញថា វិស័យមូលបត្រកម្ពុជា នៅតែរក្សាបាននូវកំណើនល្អ ក្នុងការជួញដូរភាគហ៊ុន អំឡុងពេលនៃវិបត្តិមេរោគកូវីដ១៩ ដើមឆ្នាំ ២០២១ ដោយទំហំនៃការជួញដូរ មានការកើនឡើង ៥១%។

 


និយ័តករមូលបត្រកម្ពុជា បានបង្ហាញឲ្យដឹងថា នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១កន្លងទៅ ទំហំជួញដូរភាគហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជា គឺមានជាង ៥លាន ៥សែនភាគហ៊ុន ដែលមានទំហំទឹកប្រាក់សរុបជាង ៨លាន ៦សែនដុល្លារអាមេរិក មានការកើនឡើងដល់ទៅ ៥១% ធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២០កន្លងទៅ។

 


បើសិនជាយើងប្រៀបធៀបទំហំជួញដូរភាគហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជា នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន គឺមានការកើនឡើងដល់ទៅ ៨៨៦% ហើយតម្លៃជួញដូរ កើនឡើងជាង ៧៩៣%។

 


គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១នេះ  ការជួញដូរជាមធ្យមប្រចាំថ្ងៃមានជាង ៩ម៉ឺនភាគហ៊ុន ដែលមានតម្លៃប្រមាណ ១៤ម៉ឺនដុល្លារអាមេរិក។
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាអ្នកកាន់កាប់ចំណែកនៃការជួញដូរធំជាងគេបំផុត ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១នេះ ដែលមានទំហំដល់ទៅ ៥៦% នៃការជួញដូរមូលបត្រកម្មសិទ្ធិសរុប។

 


ដោយឡែកទំហំមូលធនូបនីយកម្មទីផ្សារសរុប នៅចុងត្រីមាសទី ១ ឆ្នាំ ២០២១ មានតម្លៃជាង ២ពាន់ ៤រយលានដុល្លារអាមេរិក ហើយចំនួន វិនិយោគិន ដែលចូលរួមជួញដូរ មានជាង ១៩៦០នាក់ ដែលធ្វើឲ្យចំនួនវិនិយោគិនសរុបកើនដល់ ២ម៉ឺន ៧ពាន់នាក់ ក្នុងនោះវិនិយោគិនសញ្ជាតិខ្មែរ មានជាង ៨៤% នៃចំនួនវិនិយោគិនសរុប។

 


កាលពីពេលថ្មីៗនេះ ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានពន្យល់ប្រាប់ដល់ ក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ឲ្យបានដឹងថា សកម្មភាពជួញដូរនៅត្រីមាសទី ១ ដើមឆ្នាំ គឺមានភាពថមថយច្រើន  ប៉ុន្តែមានការគួរឱ្យកត់សម្គាល់នោះគឺ ការកើនឡើងនៃទំហំជួញដូរក្នុងរយៈពេលនៃការបិទខ្ទប់ក្រុងភ្នំពេញ និងតាខ្មៅ ដោយសារមានការងាកមកចាប់អារម្មណ៍ច្រើនរបស់ វិនិយោគិន នៅក្នុងការវិនិយោគលើភាគហ៊ុន។

 


ជាការពិតណាស់ បរិមាណជួញដូរភាគហ៊ុនជាមធ្យមប្រចាំថ្ងៃបានកើនឡើងប្រមាណជិត ២០% ធៀបនឹងមុនពេលបិទខ្ទប់ ខណៈដែល សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ក៏បានកើនឡើងខ្ពស់បំផុត រហូតដល់៦៤៨ពិន្ទុ នៅពាក់កណ្តាលពេលបិទខ្ទប់។


ជាចុងក្រោយ គិតត្រឹមដំណាច់ឆ្នាំ ២០២០ ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិមាន ៧ស្ថាប័ន ដែលប្រមូលដើមទុនបានប្រមាណ ១០១លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលមាន ៦ស្ថាប័ន និងប្រមូលដើមទុនបាន ១៤៣លានដុល្លារអាមេរិកពី ទីផ្សារមូលបត្រនៅកម្ពុជា៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024