ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អង្ករវៀតណាម ប្រឈមមុខនឹងការប្រកួតប្រជែងទីផ្សារកាន់តែខ្លាំងពី សំណាក់ដៃគូឥណ្ឌា និងថៃ

១៤ មិថុនា ២០២១ | សេដ្ឋកិច្ច

ការនាំចេញអង្កររបស់ប្រទេសវៀតណាម កំពុងជួបប្រទះនូវ ការប្រកួតប្រជែងខ្លាំងពី អង្ករឥណ្ឌា ដែលថោកជាងដល់ទៅ ១០០ដុល្លារក្នុងមួយ និងអង្កររបស់ថៃ ដែលថោកជាងអង្ករវៀតណាមប្រមាណ ២០ដុល្លារក្នុងមួយតោនដែរនោះ។ នេះបើយោងតាមការចេញផ្សាយពី សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


រដ្ឋាភិបាលវៀតណាម បានលើកឡើងថា ទីផ្សារប្រទេសហ្វីលីពីន ដែលត្រូវការអង្ករច្រើនជាងគេបំផុតនៅក្នុងតំបន់នោះ បានចាប់ផ្តើមបែងចែកប្រភពទិញយកអង្កររបស់ឥណ្ឌា ដែលមានតម្លៃថោកជាងអង្ករវៀតណាម ដល់ទៅ ១០០ដុល្លារក្នុងមួយតោន ហើយចំពោះអង្កររបស់ថៃវិញ ក៏ថោកជាងអង្ករវៀតណាមប្រមាណ ២០ដុល្លារក្នុងមួយតោនផងដែរ។


នាយកដ្ឋានកែច្នៃ និងអភិវឌ្ឍន៍ផលិតផលកសិកម្មវៀតណាម បានបង្ហាញថា នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២១នេះ វៀតណាមសម្រេចការនាំចេញអង្ករជាង ២លាន ៧សែនតោន ដែលមានទឹកប្រាក់សរុបជាង ១ពាន់ ៤រយលានដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ ១១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

 


ដោយឡែក នៅក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២១នេះ តម្លៃអង្ករនាំចេញរបស់វៀតណាម គឺប្រមាណ ៥៤៣ដុល្លារអាមេរិកក្នុងមួយតោន កើនឡើង ១៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសហ្វីលីពីន នៅតែជាទីផ្សារអង្ករធំជាងគេបំផុតរបស់វៀតណាម តែអំឡុងពេល ៥ខែនេះ ការនាំចេញអង្ករវៀតណាម ទៅកាន់ហ្វីលីពីន ធា្លក់ចុះ ២០% ដោយសារតែការជ្រើសរើសយកអង្ករពីទីផ្សារផ្សេងៗ ដូចជា ថៃ និងឥណ្ឌាជាដើម ដែលមានតម្លៃថោកជាងអង្ករវៀតណាម។

 


ទោះយ៉ាងណា ការបន្ធូរបន្ថយពន្ធទៅលើអង្ករនាំចូលរបស់ ហ្វីលីពីន ជាការបើកឱកាសថ្មីមួយទៀត សម្រាប់អ្នកនាំចេញអង្ករវៀតណាម តែយ៉ាងណា ដោយសារតែមានការប្រកួតប្រជែងថ្លៃអង្ករជាមួយ ប្រទេសថៃ និងឥណ្ឌា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្នើដល់ក្រុមហ៊ុនក្នុងស្រុកឲ្យជម្រុញ កិច្ចសហប្រតិបត្តិការ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹង គ្រួសារកសិករសំខាន់ ដើម្បីកាត់បន្ថយចំណាយមិនចាំបាច់ទៅលើថ្លៃដើម និងបង្កើនការប្រកួតប្រជែង។ សូមជម្រាបថា វៀតណាម បានដាក់ចេញនូវ គោលដៅនាំចេញអង្ករជាង ៦លាន ៥សែនតោន ក្នុងឆ្នាំ ២០២១៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024